Cambodia Trending Close

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ សុខភាព
មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់ មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានចេញលិខិតបំភ្លឺដល់ម្ចាស់គេហទំព័របណ្តាញសង្គម Facebook ដែលមានឈ្មោះ Mommy Natural ឱ្យលុបវីដេអូ និងខ្លឹមសារចំណងជើង ដែលបានផ្សព្វផ្សាយថា ការលេបប្រមាត់ទាកាប៉ាស្រស់ ធ្វើឱ្យអ្នកជំងឺកាត់ប្រមាត់មានសុខភាពល្អធម្មតា។

ការចេញលិខិតបំភ្លឺនេះ ក្រោយពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឃើញម្ចាស់គេហទំព័របណ្តាញសង្គម Facebook Mommy Natural បានបង្ហោះរូបភាព វីដេអូ និងខ្លឹមសារចំណងជើង(Caption)ថា «ចែករំលែក ស៊ែរយកបុណ្យផងបងប្អូន ដើម្បីឱ្យអ្នកដែលកាត់ប្រម៉ាត់រួចដូច ខ្ញុំបានដឹង ព្រោះល្អណាស់ជាបទពិសោធន៍ផ្ទាល់តែម្តង។ ផ្លិចបើកៗខ្ញុំបាត់បង់ប្រម៉ាត់ ១ឆ្នាំ៧ខែហើយ តែសុខភាពខ្ញុំល្អ ជាធម្មតា ញ៉ាំអីបានគ្រប់យ៉ាងមិនមានតមអ្វីទាំងអស់ ដោយសារញ៉ាំប្រម៉ាត់ទាកាប៉ាស្រស់ៗនេះឯង»។

តាមរយៈវីដូអូរៀបរាប់របស់ម្ចាស់ផេក Mommy Natural ពាក់ព័ន្ធនឹងការលេបប្រម៉ាត់ទាកាប៉ាស្រស់ខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ ពុំទាន់មានការសិក្សា ស្រាវជ្រាវណាមួយដែលបង្ហាញពីលទ្ធផលប្រសិទ្ធភាព នៃការលេបប្រម៉ាត់ទាកាប៉ាស្រស់ ដើម្បីព្យាបាល និងជំនួយសុខភាពសម្រាប់អ្នកជំងឺកាត់ប្រម៉ាត់នោះទេ។

ជាមួយគ្នានេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើសុំដល់ម្ចាស់ម្ចាស់ផេក Mommy Natural មេត្តាលុប ចោលនូវរូបភាពវីដេអូ និងខ្លឹមសារ Caption ជៀងវាងមានការភាន់ច្រលំ។ ព្រមទាំងអំពាវនាវដល់សាធារណជនប្រើប្រាស់ បណ្តាញសង្គមទាំងអស់ សូមមេត្តាបញ្ឈប់ការផ្សព្វផ្សាយចែករំលែកបន្តនូវព័ត៌មាននេះផងដែរ៕

អត្ថបទទាក់ទង