Cambodia Trending Close

កម្ពុជាលើកទឹកចិត្ត សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពិចារណាបង្កើតតំបន់កសិ-ឧស្សាហ៍កម្មនៅកម្ពុជា

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ សង្គម សេដ្ឋកិច្ច
កម្ពុជាលើកទឹកចិត្ត សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម   ពិចារណាបង្កើតតំបន់កសិ-ឧស្សាហ៍កម្មនៅកម្ពុជា កម្ពុជាលើកទឹកចិត្ត សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ពិចារណាបង្កើតតំបន់កសិ-ឧស្សាហ៍កម្មនៅកម្ពុជា

ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការវិនិយាគកម្ពុជា លោក ជា វុទ្ធី ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Trương Minh Trung អគ្គនាយករងទី១នៃក្រុមហ៊ុន Vietnam Rubber Group (VRG) និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍកៅស៊ូ ១០០.០០០ហិកតា នៅកម្ពុជា នាព្រឹកថ្ងៃទី៣ ខែមេសានេះ ភាគីកម្ពុជាស្នើឲ្យវៀតណាមពិចារណាបង្កើតតំបន់កសិ-ឧស្សាហ៍កម្មនៅកម្ពុជា។

ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះការចូលរួមចំណែករបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមក្នុងការអភិវឌ្ឍវិស័យកៅស៊ូ និងសកម្មភាពសង្គមនៅកម្ពុជាកន្លងមក។ ឯកឧត្តមបានគូសបញ្ជាក់ពីបរិយាកាសវិនិយោគអំណោយផលបច្ចុប្បន្ននៅកម្ពុជា និងកំណើនតម្រូវការជ័រកៅស៊ូក្នុងស្រុក ដោយសារវត្តមានរោងចក្រផលិតសំបកកង់យានយន្ត។

ក្នុងជំនួននោះ លោក ជា វុទ្ធី បានលើកទឹកចិត្តយ៉ាងខ្លាំងដល់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ឱ្យពិចារណាវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្មមួយនៅកម្ពុជា។ តំបន់នេះនឹងផ្តោតលើការប្រមូលផ្តុំឧស្សាហកម្មកែច្នៃជ័រកៅស៊ូ ដើមកៅស៊ូចាស់ៗ និងកសិផលសក្តានុពលផ្សេងទៀត ដើម្បីផ្គត់ផ្គង់តម្រូវការឧស្សាហកម្មក្នុងស្រុកដែលកំពុងកើនឡើង។

លោក ជា វុទ្ធី បានបញ្ជាក់ពីការគាំទ្ររបស់ CDC ចំពោះគម្រោងវិនិយោគក្នុងវិស័យថាមពលស្អាត និងបានអះអាងថា CDC នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់អ្នកវិនិយោគវៀតណាមដែលកំពុងប្រតិបត្តិការនៅកម្ពុជា ក៏ដូចជាស្វាគមន៍រាល់ការវិនិយោគបន្ថែមនាពេលអនាគត។

លោក Trương Minh Trung បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកការវិនិយោគបន្ថែមលើវិស័យផលិតថាមពលស្អាតនៅកម្ពុជា ដោយស្នើសុំការគាំទ្រពី CDC សម្រាប់គម្រោងនេះ។ ទន្ទឹមនឹងនេះ លោកបានឯកភាពទទួលយកសំណើរបស់លោក អគ្គលេខាធិការ ដើម្បីធ្វើការសិក្សា និងពិចារណាលើគម្រោងវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃកសិផល។

កិច្ចពិភាក្សានេះបានបង្ហាញពីសញ្ញាវិជ្ជមាននៃការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងវៀតណាម ជាពិសេសក្នុងវិស័យកសិ-ឧស្សាហកម្ម និងថាមពលស្អាត ដែលជាវិស័យមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា៕

អត្ថបទទាក់ទង