
ស៊ីម៉ាក់ កម្ទេចកូនគ្រាប់បែកចង្កោម១២០គ្រាប់ ទម្លាក់ពីយន្តហោះ CBU-25/A ក្នុងសម័យសង្គ្រាម
ភ្នំពេញ៖ កូនគ្រាប់ចំនួន១២០គ្រាប់ ដែលនៅសល់ក្នុងបំពង់គ្រាប់បែកចង្កោមសល់ពីសម័យសង្គ្រាមត្រូវបានក្រុមស៊ីម៉ាកកម្ទេសចោល ស្ថិតនៅចម្ការស្វាយមួយកន្លែងក្នុងស្រុកអូរជុំ។ នេះបើតាមបញ្ជាក់របស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ។
លោក ហេង រតនា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងចម្ការស្វាយចន្ទីដែលមានទីតាំងស្ថិតនៅ ភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ ចំណុះកងឯកភាពកំចាត់មីនទី៥ បានប្រតិបត្តិការកម្ទេចគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាម ដែលជាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២ គ្រាប់បែក ហេីយកូនគ្រាប់បែកដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន១២០គ្រាប់ អាចបង្កគ្រោះថ្នាក់។ ស្ថានភាពរណ្តៅដែលរកឃើញគ្រាប់បែកចង្កោមនេះមានជម្រៅកប់ដីប្រហែលមួយម៉ែត្រ។
សូមជម្រាបរំលឹកជូនបន្ថែមថា នៅក្នុងព្រះរាជាណាចក្រដ៍កំសត់នេះត្រូវរងការទម្លាក់គ្រាប់បែកចង្កោមមានចំនួនជិត៣០លានគ្រាប់បែក ប្រេីពេលជាង១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០ មានការវាយប្រហារចំនួនជាង១០.០០០ទីតាំងក្នុងក្របខណ្ឌទូទាំងប្រទេស៕
សូមអរគុណម្ចាស់ចម្ការស្វាយចន្ទី ដែលបានផ្តល់ការសហការយ៉ាងពេញលេញជាមួយក្រុមជំនាញ ដោយសារស្ថានភាពគ្រាប់បែកចង្កោមនេះគ្មានសុវត្ថិភាពក្នុងការដោះបន្សាបនិងដឹកជញ្ជូនឡេីយ ដូចនេះមានតែវិធានការកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង!! ការកម្ទេចនៅហ្នឹងកន្លែងនេះបានបង្កប៉ះពាល់ដេីមស្វាយចន្ទីមួយចំនួនដែរ តែម្ចាស់ចម្ការនឹងមានសេចក្តីសុខសុវត្ថិភាពផុតពីគ្រោះភ័យនៃគ្រាប់បែកចង្កោមទាំងនេះជារៀងរហូត!! ។

