
ចំណូលផែស្វយ័ត ភ្នំពេញមានកំណើនខ្ពស់ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៥
កំពង់ផែ ស្វយ័ត ភ្នំពេញ (PPAP) បានរាយកណ៍អំពីកំណើនចំណូល របស់ខ្លួននៅក្នុងរយៈពេល២ខែ ដើមឆ្នាំនេះមានកំណើនខ្ពស់ ឆ្លុះបញ្ចាំងអំពីស្ថានភាពកាន់តែប្រសើរឡើងនៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកលហាក់មានភាពល្អប្រសើរ។
របាយការណ៍ មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើ ទៅផ្សារមូលបត្រកម្ពុជា កាលពីពេលថ្មីៗនេះ ចំណូល របស់ផែមានការកើនឡើងជាង២៨%សម្រេចបានទឹកប្រាក់ជាង ៦,៦លានដុល្លារអាមេរិកក្នុងរយៈពេល២ខែដើមឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាដែលសម្រេចបានជាង៥,២ លានដុល្លារ។ ក្នុងនោះចំណូលពីប្រតិបត្តិការផែសម្រេចបាន៥,៣លានដុល្លារ ដោយកើនឡើងជាង២៨% ដោយកើនពីជាង៤,២លានដុល្លារ ចំណូលពីអាជ្ញាធរផែសម្រេចបានជាង១លានដុល្លារ កើនឡើងជាង២៥% និងចំណូលពីសេវាផ្សេងសម្រេចបានចំនួន ២៤៩ ១២៨ដុល្លារ កើនឡើងជាង៥០% ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤កន្លងទៅនេះ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបានសរុប ជាង៤១ លានដុល្លារ កើនឡើងជាង ២០%ធៀបនឹងឆ្នាំ២០២៣ដែលមានចំណូលសរុបជាង ៣៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ចំណូលមិនទាន់ធ្វើសវនកម្ម របស់ខ្លួន៕




