ផ្ទុះការចាប់អាម្មណ៍ខ្លាំងទៅលើ យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ ពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី
ថ្មីៗកន្លងមកនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រារព្ធនៅប្រទេស ម៉ាឡេស៊ី។ ក្នុងឱកាសនោះ លោកត្រាំក៏បានចូលរួមធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ចុះកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា និង ប្រទេសថៃ ផងដែរ។
ទោះជាការចូលរួមកិច្ចប្រជុំនេះមានសារៈសំខាន់ខ្លាំងក្នុងផ្នែកនយោបាយ និងសន្តិភាព ប៉ុន្តែអ្វីដែលទាក់ទាញចំណាប់អារម្មណ៍របស់មហាជនជាច្រើនវិញ គឺជា យន្តហោះ Air Force One ដែលលោកត្រាំបានប្រើប្រាស់ដើម្បីធ្វើដំណើរមកចូលរួមកិច្ចប្រជុំ។
យន្តហោះ Air Force One ត្រូវបានគេចាត់ទុកថាជាយន្តហោះកំពូល និងមានលក្ខណៈសុវត្ថិភាពខ្ពស់បំផុតមួយនៅលើពិភពលោក។ វាត្រូវបានបំពាក់ដោយប្រព័ន្ធសន្តិសុខ និងប្រព័ន្ធការពារខ្លួនចុងក្រោយបង្អស់ អាចទប់ទល់នឹងការវាយប្រហារដោយគ្រាប់មីស៊ីល និងបន្ទុះនុយក្លេអ៊ែរ។
ខាងក្នុងយន្តហោះនេះ មានបន្ទប់គ្រប់គ្រងទំនាក់ទំនងទំនើប បន្ទប់ការិយាល័យរបស់ប្រធានាធិបតី បន្ទប់ទឹក បន្ទប់វេជ្ជសាស្ត្រ និងបន្ទប់រៀបចំអាហារចំនួនពីរ ដែលអាចរៀបចំអាហារបម្រើដល់មនុស្សរហូតដល់ប្រមាណ ១០០ នាក់។ ក្រៅពីនេះ ក៏មានវេជ្ជបណ្ឌិតម្នាក់ធ្វើដំណើរជាប់ជាមួយលោកត្រាំរាល់ពេល ដើម្បីផ្តល់សេវាសង្គ្រោះបន្ទាន់នៅលើយន្តហោះ។
អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀត គឺ Air Force One អាចបញ្ចូលសាំងនៅលើអាកាសបាន ដោយមិនចាំបាច់ចុះចត។ នេះមានន័យថា យន្តហោះនេះអាចធ្វើដំណើរបានជុំវិញពិភពលោកដោយគ្មានដែនកំណត់ ទាំងនៅក្នុងស្ថានភាពសង្គ្រាម ឬសន្តិភាព៕

