
ការសម្តែងសិល្បៈខ្មែរ និងវប្បធម៌លើវិថីថ្មើរជើង បានទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន
នៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២៥ ឯកឧត្ដម វ៉ាង វិនបីន (Wang Wenbin) ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ការសម្តែងសិល្បៈខ្មែរ និងសកម្មភាពវប្បធម៌ និងការកម្សាន្តផ្សេងទៀត នៅលើវិថីថ្មើរជើង (Walk Street) នឹងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្ដម វ៉ាង វិនបីន បានលើកឡើងថា៖
«ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើង នៅមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយមសម្រាប់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ។»
គួរបញ្ជាក់ថា ទាក់ទិននឹងការរៀបចំវិថីថ្មើរជើង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរដល់សាលារាជធានីភ្នំពេញ និងគ្រប់ស្ថាប័ន ព្រមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាល្អក្នុងការរៀបចំផ្លូវថ្មើរជើងនេះបានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ ដើរកំសាន្តនៅចុងសប្តាហ៍ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ។
គួររំលឹកថា វិថីថ្មើរជើង (Walk Street) ត្រូវបានរៀបចំរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០ ដល់ម៉ោង ២៣:០០ នៅតាមបណ្តោយទីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

