
កម្ពុជា ផ្តល់ឱកាសឲ្យអ្នកបង្កើតមាតិកាលើ TikTok អាចរកចំណូលបាន
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា ចាប់ពីពេលនេះទៅ អ្នកបង្កើតមាតិកានៅកម្ពុជា ដែលមានខ្លឹមសារល្អ និងមានភាពទាក់ទាញច្រើនលើបណ្តាញសង្គម TikTok នឹងអាចរកចំណូលបាន។ ការប្រកាសនេះ គឺជាការផ្តល់ឱកាសដ៏សំខាន់មួយពីក្រុមហ៊ុន TikTok ដល់អ្នកបង្កើតមាតិកានៅកម្ពុជា។
លោក ជា វ៉ាន់ដេត បានធ្វើការប្រកាសនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំជាមួយក្រុមហ៊ុន TikTok។
លោកបានបញ្ជាក់ថា កាលពីមុននេះ អ្នកបង្កើតមាតិកាជាច្រើននៅកម្ពុជា បានស្នើសុំទៅសម្តេចនាយករដ្ឋមន្រ្តី ដើម្បីឲ្យក្រុមហ៊ុន TikTok, Facebook និងបណ្តាញសង្គមផ្សេងទៀត ផ្តល់ឱកាសក្នុងការរកចំណូលពីការបង្កើតមាតិកាផ្សព្វផ្សាយ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តខិតខំសម្របសម្រួលដើម្បីឲ្យអ្នកបង្កើតមាតិកានៅលើ Facebook ក៏អាចរកចំណូលបានដូចគ្នា។
លោក ជា វ៉ាន់ដេត បានលើកទឹកចិត្តឲ្យអ្នកបង្កើតមាតិកា ប្រឹងប្រែងបង្កើតមាតិកាឱ្យកាន់តែល្អ ដើម្បីបម្រើសង្គមជាតិ បរិស្ថាន មនុស្សជាតិ និងសេដ្ឋកិច្ច។ ប៉ុន្តែ ត្រូវកុំបង្កើតមាតិកាដែលអាចធ្វើឲ្យមនុស្សភ័យខ្លាច បំផ្លាញបរិស្ថាន ឬរូបភាពសាហាវ ដែលអាចប៉ះពាល់ដល់អារម្មណ៍ទស្សនិកជន និងអាចនឹងមិនទទួលបានចំណូលផងដែរ។
ការប្រកាសនេះជាការផ្តល់ឱកាសដ៏សំខាន់សម្រាប់អ្នកបង្កើតមាតិកាកម្ពុជា ក្នុងការរកចំណូលពីការប្រើប្រាស់បណ្តាញសង្គម TikTok និងទាំង Facebook នៅពេលខាងមុខ៕

