
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឲ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគមន៍ ជាពិសេសទបស់ស្កាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានស្នើឲ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគមន៍ (Community Standard) របស់ខ្លួនឲ្យបានខ្លាំង ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ ជាពិសេសនោះ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ។
ការស្នើបែបនេះរបស់លោក រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួបលោកស្រី Chanida Klyphun តំណាងក្រុមហ៊ុន Tik Tok ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ក្នុងជំនួននោះថា “ខ្ញុំបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គម រួមមាន ព័ត៌មានក្លែងក្លាយ ការបៀតបៀន ការបង្ហោះរូបភាពអាសអាភាស និងការជេរប្រមាថ និងវោហាសាស្ត្រស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ជាដើម”។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា “ខ្ញុំក៏បានស្នើឱ្យក្រុមហ៊ុន Tik Tok ពង្រឹងស្តង់ដារសហគមន៍ (Community Standard) របស់ខ្លួនឱ្យបានខ្លាំង ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងជាពិសេសទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការយកថ្នាល TikTok សម្រាប់រកលុយដែលប្រាស់ចាកពីក្រមសីលធម៌វិជ្ជាជីវៈ បំពុលសង្គម”៕

