
លោក ប៊ុន ផាក នឹងចូលខ្លួនបំភ្លឺ តាមការកោះហៅរបស់លោកស្នងការ ជួន ណារិន្ទ
ភ្នំពេញ៖ លោក ប៊ុន ផាន តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី១៩ ខែមីនានេះ ថានឹងចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ។
តាមរយៈសំណេរលើបណ្តាញសង្គមលោក ប៊ុន ផាក បានបញ្ជាក់ថា “ខ្ញុំបាទ ប៊ុន ផាក នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ តាមការអញ្ជើញរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានី នៅព្រឹកថ្ងៃទី២១ ខែ មីនាខាងមុខនេះ”។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ លោក ប៊ុន ផាន បានបង្ហោះនៅលើបណ្តាញសង្គមនូវសំណេរដែលមានខ្លឹមសារថា “កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបានទៅ ទើបអាននិយាយបានថាយើងមានសន្តិភាព” ។
ក្រោយពីមានការរិះគន់យ៉ាងព្រោងព្រាតទៅនិងសំណេរនេះ ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញ លោក ប៊ុន ផាក ចូលមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីជួយពន្យល់អំពី ពាក្យថា សន្តិភាព ។
ចំពោះរឿងនេះដែរ បើតាមលោក ប៊ុន ផាន បានបង្ហាញជំនឿថា “ខ្ញុំជឿទៅលើការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ហើយខ្ញុំនឹងធ្វើការបកស្រាយពីសំណេរដែលខ្ញុំបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃ១៥ ខែមីនា កន្លងទៅ”។
លោកក៏ពន្យល់ថា “ចំពោះសំណេរនេះ ដំបូងគឺខ្ញុំចង់បង្ហាញពីការព្រួយបារម្ភចំពោះករណីដែលបានកើតឡើងទៅលើមិត្តភក្តិរបស់ជនបរទេសឈ្មោះ Christ ដែលត្រូវបានចោរឆក់កាបូបនៅព្រឹកថ្ងៃ ១៥ ខែមីនា។ ភ្លាមៗនោះ ខ្ញុំក៏បានបញ្ចេញមតិទៅលើបណ្តាញសង្គមថា៖ “កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបាន ទើបយើងអាចនិយាយបានថា យើងមានសន្តិភាព”។
ជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ពាក្យសន្តិភាពគឺសំដៅទៅលើ ភាពសុខសាន្តរបស់ប្រទេសជាតិ ប្រទេសគ្មានសង្គ្រាម ប្រជាជនរស់នៅដោយស្ងប់សុខ គ្មានភាពវឹកវរ គ្មានការព្រួយបារម្ភ មានសុវត្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាក់ស្តែងយើងឃើញថា ប្រទេសយើងមានសន្តិភាពពេញលេញហើយ តែបញ្ហាក្មេងទំនើង និងចោរលួច ចោរប្លន់នៅតែកើតមានជាហូរហែរជារឿងធម្មតា ប្រទេសណាក៏មានដូចគ្នាដែរ ហើយយើងក៏ឃើញពីសកម្មភាពដ៏សស្រាក់សស្រាំរបស់សមត្ថកិច្ចក្នុងការបោសសំអាតមេរោគសង្គមទាំងនោះដែរ។
ក្នុងនាមជាពលរដ្ឋម្នាក់រស់នៅក្រោមម្លប់សន្តិភាព យើងក៏ចង់ឃើញប្រទេសយើងមានភាពសុខសាន្ត រស់នៅគ្មានការព្រួយបារម្ភ និងទទួលបានការការពារពីស្ថាប័នមានសមត្ថកិច្ច និងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
ក្នុងន័យនេះ ខ្ញុំមិនមានចេតនាទុច្ចរិតក្នុងការបំភ្លៃព័ត៌មានមិនពិត ឬធ្វើការវាយប្រហារទៅកាន់ស្ថាប័ន្ធសាធារណៈណាមួយឡើយ វាគ្រាន់តែជាការចូលរួមចំណែកឈឺឆ្អើលរឿងអសន្តិសុខក្នុងសង្គម ក្នុងគោលបំណងរក្សារឱ្យបាននូវសន្តិសុខ និងសន្តិភាពជូនប្រជាពលរដ្ឋក្នុងនាមជាអ្នកចែករំលែកចំណេះដឹងមួយរូបប៉ុណ្ណោះ៕

