Cambodia Trending Close

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤

ដោយ៖ អែម លំអង ​​ | ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ទេសចរណ៍ ព័ត៌មានជាតិ វប្បធម៌ និងទេសចរណ៍ វប្បធម៌ និងសិល្បៈ សង្គម
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤

នាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ដែលរៀបចំឡើងនៅសាលសន្និសីទចតុម្មុខ។ ពិធីនេះមានការចូលរួមពីប្រជាជនប្រមាណ ៦០០នាក់ រួមមាន ឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័ន, ឯកអគ្គរាជទូត, ឯកអគ្គរដ្ឋទូត, ផលិតករ, និងសិល្បករជាតិ និងអន្តរជាតិ។ នេះបើយោងតាមផេកផ្លូវការរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។

លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ គឺជាភាពជោគជ័យដ៏ធំមួយ សម្រាប់ឧស្សាហកម្មភាពយន្តនៅកម្ពុជា និងតំបន់អាស៊ាន។ លោកជំទាវបានកត់សម្គាល់ថា ការចូលរួម និងគាំទ្រពីដៃគូពាក់ព័ន្ធនានា ជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ឧស្សាហកម្មភាពយន្តនៅកម្ពុជា។

លោកជំទាវបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់ការលើកទឹកចិត្តដល់ផលិតករ ភាពយន្តអន្តរជាតិ ដើម្បីមកថតនៅកម្ពុជា។ ចក្ខុវិស័យនេះផ្ដោតសំខាន់លើការលើកកម្ពស់វប្បធម៌, កំណើនសេដ្ឋកិច្ច និងទេសចរណ៍ តាមរយៈឧស្សាហកម្មភាពយន្ត។

ទន្ទឹមនិងនោះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ត្រូវបានរៀបចំដោយ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញ និងទទួលការថតភាពយន្ត បរទេស (CFC)។ មហោស្រពនេះនឹងប្រារព្វចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ហើយនឹងបង្ហាញភាពយន្តចំនួន ១៥១ រឿងមកពី ៤១ ប្រទេស ។ភាពយន្តទាំងនេះនឹងចាក់បញ្ចាំងដោយ សេរី នៅគ្រប់រោងភាពយន្តទាំងអស់។

សូមជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ គឺជាវេទិកាសំខាន់មួយសម្រាប់ការចែករំលែកបទពិសោធន៍ និងការផ្លាស់ប្តូរយោបល់រវាងផលិតករ ភាពយន្ត ជាតិ និងអន្តរជាតិ ដើម្បីជំរុញឧស្សាហកម្មភាពយន្តកម្ពុជាកាន់តែរីកចម្រើន៕