
មីយ៉ាន់ម៉ា កើនឡើងអ្នកស្លាប់ជិត ៣ ០០០ នាក់ហើយព្រោះគ្រោះរញ្ជួយដី
គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧ រិចទ័រ ដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃ សុក្រ សប្ដាហ៍ មុន បានកើនឡើងដល់ប្រមាណ ២ ៩៤០ នាក់ និងរបួសជាង ៣ ៤០០នាក់។ នេះ បើ យោង តាម ការ ចុះ ផ្សាយ របស់ DVB
ប្រទេសមីយ៉ាន់ខណៈរបាយការណ៍ពីរបបសឹកយោធាបានបង្ហាញតួលេខអ្នកស្លាប់ ចំនួន ១ ៦៤៤ នាក់គិតត្រឹមថ្ងៃទី ៣០ ខែ មីនា។ការរញ្ជួយដី ដ៏ អាក្រក់ បំផុត នៅ មីយ៉ាន់ម៉ា បានបណ្តាល ឲ្យ មានការខូចខាតយ៉ាង សម្បើម នៅក្នុងទីក្រុងដូចជា Mandalay និង Sagaing ដែលនាំ ឲ្យមានការដួលរលំនៃអគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ចំណែក ឯថៃដែលជាប្រទេសជិតខាងវិញផលប៉ះពាល់នៃការរញ្ជួយដីក៏ខ្លាំងណាស់ផងដែរ។
នៅទីក្រុងបាងកក ការដួលរលំនៃអគារខ្ពស់ដែលកំពុងសាងសង់បានបណ្តាល ឲ្យ មនុស្សយ៉ាងហោចណាស់ ១៧ នាក់ស្លាប់ ៣២ នាក់រងរបួស និង ៨៣ នាក់ បាត់ខ្លួន។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តនៅក្នុងប្រទេសទាំងពីរ ដោយក្រុមក្នុងស្រុក និងអន្តរជាតិកំពុងធ្វើការដោយមិននឿយហត់ ដើម្បីកំណត់ទីតាំងអ្នកនៅរស់ និងផ្តល់ជំនួយដល់ប្រជាជនដែលរងផលប៉ះពាល់។
ផលប៉ះពាល់នៃការរញ្ជួយដីមានសភាពធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែជម្លោះស៊ីវិលដែលកំពុងបន្ត ដែលធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងស្ពាន ផ្លូវហាយវេ និងអាកាសយានដ្ឋានត្រូវបានខូចខាត ដែលរារាំងការផ្តល់ជំនួយ។ កាកបាទក្រហមបានពណ៌នាការបំផ្លិចបំផ្លាញថាជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅអាស៊ីក្នុងរយៈពេលជាងមួយសតវត្ស មក នេះ។
ក្នុងនោះជំនួយអន្តរជាតិកំពុងចាប់ផ្តើម ដឹក ទៅ ដល់ មីយ៉ាន់ម៉ា ដោយប្រទេសមួយចំនួន ដូចជា ឥណ្ឌា ចិន ថៃ ម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៊ី បានបញ្ជូនក្រុមជួយសង្គ្រោះ និងការផ្គត់ផ្គង់។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន ២លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ តំបន់ជាច្រើននៅតែរាយការណ៍ពីការខ្វះខាតស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត៕

