Cambodia Trending Close

មនុស្សរាប់លាននាក់ ធ្វើបាតុកម្មប្រឆាំង Donald Trump និង Elon Musk ទូទាំងសហរដ្ឋអាមេរិក

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នយោបាយ ព័ត៌មានអន្តរជាតិ
មនុស្សរាប់លាននាក់ ធ្វើបាតុកម្មប្រឆាំង Donald Trump និង Elon Musk ទូទាំងសហរដ្ឋអាមេរិក មនុស្សរាប់លាននាក់ ធ្វើបាតុកម្មប្រឆាំង Donald Trump និង Elon Musk ទូទាំងសហរដ្ឋអាមេរិក

កាលពីចុងសប្តាហ៍ ប្រជាជនអាមេរិករាប់លាននាក់បានចូលរួមក្នុងមហាបាតុកម្ម «Hands Off!» នៅទូទាំង៥០រដ្ឋ ដើម្បីបង្ហាញការប្រឆាំងគោលនយោបាយរបស់លោកប្រធានាធិបតី Donald Trump និងទីប្រឹក្សារបស់គាត់គឺ Elon Musk។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។

មហាបាតុកម្មនេះ រៀបចំឡើងដោយសម្ព័ន្ធនៃអង្គការសិទ្ធិស៊ីវិល សហជីពការងារនិងក្រុមតស៊ូមតិជាង១៥០, បាតុកម្មទាំងនេះបានក្លាយជាការតវ៉ាទូទាំងប្រទេសទ្រង់ទ្រាយធំបំផុតមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើប។

បាតុកម្មនេះគឺប្រឆាំងនឹងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដឹកនាំដោយ Elon Musk ដែលបានអនុវត្តការកាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធទ្រង់ទ្រាយធំ បណ្តាលឲ្យមានការបញ្ឈប់ការងារមនុស្សយ៉ាងច្រើន និងលុបបំបាត់កម្មវិធីរដ្ឋាភិបាលផ្សេងៗទៀត។

បញ្ហាមួយទៀតដែលបាតុករប្រឆាំងគឺ ការកាត់បន្ថយសេវាសង្គម។ ក្រុមបាតុករ បានសម្តែងក្តីបារម្ភចំពោះការកាត់បន្ថយសេវាសំខាន់ៗដូចជា សន្តិសុខសង្គមនិង Medicaid ដោយចាត់ទុកសកម្មភាពទាំងនេះថាជាការរំខានដល់ប្រជាជនដែលងាយរងគ្រោះ។

បញ្ហាធំមួយទៀត ដែលនាំឲ្យមានមហាបាតុកម្មនេះ គឺពាក់ព័ន្ធគោលនយោបាយសេដ្ឋកិច្ច ពិសេសការអនុវត្តនាពេលថ្មីៗនេះរបស់រដ្ឋបាល Trump លើពន្ធគយដែលបង្កអស្ថិរភាពសេដ្ឋកិច្ចយ៉ាងខ្លាំង ឈានដល់បង្កឲ្យមានហានិភ័យវិបត្តិសេដ្ឋកិច្ច។

ម្យ៉ាងវិញទៀត ការព្រួយបារម្ភអំពីសិទ្ធិស៊ីវិលក៏នាំឲ្យមានបាតុកម្មនេះដែរ ដោយក្រុមអ្នកតស៊ូមតិសិទ្ធិជនអន្តោប្រវេសន៍ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា បានរិះគន់គោលនយោបាយនេះ រួមទាំងបរិហាការបង្រ្កាបផ្នែកអន្តោប្រវេសន៍ផងដែរ។

នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ជាកន្លែងដែលមានបាតុកម្មខ្លាំង ដោយបាតុករនាំគ្នាប្រមូលផ្តុំនៅឧទ្យាន National Mall ដោយស្រែកឲ្យលោក Donald Trump និង Elon Musk ចុះចេញពីតំណែង។ រីឯនៅទីក្រុង Los Angeles មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅហូលីវូដ ដោយកាន់សញ្ញា និងស្រែកប្រឆាំងសកម្មភាពរបស់រដ្ឋបាល។

យ៉ាងណាក្តី សេតវិមានបានការពារគោលនយោបាយរបស់ខ្លួន ដោយអះអាងថា រដ្ឋបាលមានការប្តេជ្ញាចិត្តក្នុងការរៀបចំរដ្ឋាភិបាលសហព័ន្ធឡើងវិញ និងអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ៕

អត្ថបទទាក់ទង