
ចំនួនអ្នកស្លាប់បន្តកើនដល់២៧១៩នាក់ និងរបួសជាង៤៥០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់កើនដល់២៧១៩នាក់ និងរបួសប្រមាណ៤៥០០នាក់
មីយ៉ាន់ម៉ា៖ របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់លើស២៧១៩នាក់ និងអ្នករបួសប្រមាណ៤៥០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ។
ថ្លែងសារថ្ងៃអង្គារនេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៧១៩នាក់ ហើយត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់ ថែមទៀតផង។ ជាមួយគ្នានេះដែរ អ្នករងរបួស បានកើនដល់៤៥២១នាក់ និងបាត់ខ្លួន៤៤១នាក់។
គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ខណៈវាគឺជារញ្ជួយដីធំបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជាង១សតវត្សរ៍ ដែលបានកើតឡើងនៅប្រទេសអាស៊ានមួយនេះ។ ស្របពេលដែលប៉ុន្មានថ្ងៃបានកន្លងផុតទៅ ក្តីសង្ឃឹមនៃការរុករកអ្នកនៅរស់រានមានជីវិតកំពុងថយចុះ ប៉ុន្តែក្រុមអ្នកសង្រ្គោះមីយ៉ាន់ម៉ា និងមកពីអន្តរជាតិ កំពុងតែបន្តប្រតិបត្តិការជួយសង្រ្គោះយ៉ាងស្វាហាប់៕

