
សួនបាញ់ទឹករេរាំនៅខេត្តកំពត ដែលដាក់សាកល្បង កំពុងទាក់ទាញ់ចិត្តភ្ញៀវទេសចរណ៍យ៉ាងខ្លាំង
កាលពីល្ងាចថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរក្រុងកំពត បានធ្វើតេស្តសាកល្បងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ ដោយក្រុមការងារបច្ចេកទេស កំពុងធ្វើអោយមានភាពទាក់ទាញប្លែកភ្នែកយ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលទៅកម្សាន្ដនៅទីនោះ ។ ការធ្វើតេស្តនេះបានបង្ហាញថា ក្បាលបាញ់ទឹកមួយចំនួននៅមិនទាន់ដំណើរការយ៉ាងល្អ និងការបញ្ចូលសាច់ភ្លេងក៏នៅមិនបានរៀបចំរួចគ្រប់១០០ភាគរយនោះទេ។
អភិបាលក្រុងកំពត លោក លាង រឿនសុធី បានបញ្ជាក់ថា តាមការណែនាំរបស់អភិបាលខេត្ត សួនបាញ់ទឹកនេះ នឹងត្រូវកែសម្រួល និងរៀបចំអោយបានរួចរាល់នៅចុងខែមីនានេះ ។ ទោះបីជាកំពុងសាកល្បង ប៉ុន្តែសួនបាញ់ទឹកនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងខ្លាំង។
អភិបាលក្រុងក៏បានបង្ហាញការជឿជាក់ថា ក្រោយពេលបញ្ចប់ការដំឡើង និងកែលម្អ សួនបាញ់ទឹកនេះនឹងទាក់ទាញភ្ញៀវទេសចរច្រើនទ្វេដង និងផ្លាស់ប្តូរមុខមាត់ខេត្តកំពតទៅមួយកម្រិតថ្មី។
សូមជម្រាបថា រដ្ឋបាលខេត្តកំពតបានចាប់ផ្តើមដំឡើងសួនបាញ់ទឹកនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយនឹងសាងសង់ស្ពាន និងផ្លូវវាងក្រុងឆ្លងកាត់ព្រែកកំពង់បាយ និងបង្កើតឆ្នេរសមុទ្រកម្សាន្តផ្សេងៗនៅពេលបន្តបន្ទាប់៕

