
ក្រសួងយុត្តិធម៌ចាត់ឲ្យក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់ ករណីបណ្តឹងរបស់លោកស្រី សែម សុខគា ពាក់ព័ន្ធរឿងទំនាស់ដីធ្លីនៅភ្នំ១៥០០

ភ្នំពេញ៖ក្រសួងយុត្តិធម៌នឹងចាត់ឲ្យក្រុមការងារចុះធ្វើការស្រាវជ្រាវដោយផ្ទាល់ចំពោះចំណាក់ការលើពាក្យបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ បានឲ្យដឹងថានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះថា កាលពីពេលថ្មីៗនេះ មានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងបណ្ដាញសង្គម ពាក់ព័ន្ធករណី បុគ្គលឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ ហើយដាក់បណ្ដឹងស្នើសុំឱ្យក្រសួងយុត្តិធម៌ ធ្វើអន្តរាគមន៍លើសំណុំរឿងពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់ភ្នំ១៥០០។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ បានទទួលរួចហើយនូវពាក្យបណ្ដឹងពីបុគ្គលឈោ្មះ សម សុខគា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ហើយបាន និងកំពុងធ្វើការពិនិត្យស្រាវជ្រាវករណីនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ស្តីពី ចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍លើករណីនេះ បានបញ្ជាក់ថា ដើម្បីមានភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងចំណាត់ការរឿងនេះ ក្រសួងយុត្តិធម៌នឹងចាត់ក្រុមការងារចុះស្រាវជ្រាវដោយផ្ទាល់បន្ថែមនៅទីតាំងជាក់ស្ដែង ក៏ដូចជាជួបផ្ទាល់ជាមួយម្ចាស់បណ្ដឹង ព្រមទាំងភាគី ដែលមានការពាក់ព័ន្ធ ដើម្បីពិនិត្យ និងស្រាវជ្រាវករណីនេះឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីជាធរមាន។
គួរបញ្ជាក់ថា លោកស្រី សែម សុខគា ធ្វើដំណើរពីខេត្តពោធិ៍សាត់មកកាន់ក្រសួងយុត្តិធម៌ ដើម្បីដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ ដោយអះអាងថាគ្រួសារលោកស្រីទទួលរងភាពអយុត្តិធម៌ រស់នៅដោយភាពភ័យក្លាច ដោយមានការគំរាមកំហែងពីអាជ្ញាធរថ្នាក់ក្រោម ឲ្យមានការរុះរើដោយបង្ខំ។
លោកស្រី សែម សុខគា បានបញ្ជាក់បន្ថែមទៀតថា ទីតាំងរស់នៅជាក់ស្តែងរបស់គាត់សព្វថ្ងៃ គឺមានកម្មសិទ្ធិស្របច្បាប់ មិនពាក់ព័ន្ធនិងតំបន់អន្ទង់អាំងនោះទេ ពោលគឺស្ថិតនៅចំណុចគីឡូម៉ែត្រលេខ១៣៦៕

