
កម្ពុជាចូលរួម BC COP17 ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ដោយរួមមាន លោក ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសុខាភិបាល ចូលរួមសន្និសីទភាគីលើកទី១៧ នៃអនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន (BC COP17)។
ក្នុងប្រតិភូកម្ពុជា ក៏បានចូលរួមក្នុងសន្និសីទភាគីលើកទី១២ នៃអនុសញ្ញារ៉ូថឺដាម ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុនចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ (RC COP12) និងអនុសញ្ញាស្តុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ (SC COP12) ក្រោមប្រធានបទ «Make Visible the Invisible: Sound Management of Chemicals and Wastes» ដែលត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាននៃអនុសញ្ញាទាំងបី (BRS Secretariats) ដោយមានអ្នកចូលរួមតំណាងឱ្យរដ្ឋភាគី ក្រុមអ្នកអង្កេតការណ៍ អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ សរុបប្រមាណជាង ២ ០០០ នាក់បាទ នៅទីក្រុង ហ្សឺណែវ (Geneva), ប្រទេសស្វីស។
ក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំពេញអង្គដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗដូចជា៖
ទី១.ពិនិត្យពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញាទាំងបី ដើម្បីស្វែងរកដំណោះស្រាយស្របតាមបរិបទបរិស្ថានសកល និងឈានទៅរកការសម្រេចបានគោលដៅរួមរបស់អនុសញ្ញា
ទី២.ពិភាក្សា និងអនុម័តលើសេចក្តីសម្រេច និងសំណើរវិសោធនកម្មលើមាត្រាមួយចំនួន ដែលបានរៀបចំឡើងដោយក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាននៃអនុសញ្ញាទាំងបី និងបានស្នើរឡើងដោយរដ្ឋភាគី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តអនុសញ្ញា
ទី៣.ពិនិត្យ និងពិភាក្សាលើការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រ និងថវិកាសម្រាប់បន្តអនុវត្ត និងបង្កើនប្រសិទ្ធិភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០។
ជាមួយគ្នានេះ ក្នុងអំឡុងពេលស្នាក់នៅបំពេញភារកិច្ចការងារ គណៈប្រតិភូកម្ពុជា បានចូលរួម កិច្ចប្រជុំកម្រិតខ្ពស់ ដែលបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្តល់ជាវេទិកាដល់ថ្នាក់ដឹកនាំចែករំលែកនូវបទពិសោធន៍ និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្តអនុសញ្ញាបាសែល រ៉ូថឺដាម និងស្តុកខូម (BRS Convention) ។ កិច្ចប្រជុំកម្រិតខ្ពស់នេះ ចែកចេញជា ០២ ផ្នែក ដោយរួមមាន កិច្ចពិភាក្សាតុមូល (Roundtable Discussion) និងកិច្ចពិភាក្សា (Interactive Panel Discussion) ក្រោមប្រធានបទរងចំនួន ០៣ធំៗ មានជាអាទិ៍ (ក)ការបំពុល (Pollution) សំដៅដល់ការស្វែងរកឱកាសដើម្បីដោះស្រាយការបំពុលបរិស្ថាន និងបញ្ហាប្រឈមបរិស្ថានផ្សេងៗទៀត ដូចជាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ តាមរយ:ការអនុវត្តអនុសញ្ញាបាសែល រ៉ូថឺដាម និងស្តុកខូម (ខ) ចក្រា (Circularity) សំដៅដល់ការស្វែងរកឱកាសនៅក្នុងការអនុវត្តអនុសញ្ញាបាសែល រ៉ូថឺដាម និងស្តុកខូមដើម្បីលើកកម្ពស់ការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាពសម្រាប់ដំណើរការវិវត្តន៍នៃចក្រាប្រកបដោយសុវត្ថិភាពបរិស្ថាន និង (គ) នីតិវិធីនៃការអនុវត្ត (Means of Implementation) សំដៅដល់ការស្វែងរកឱកាសដើម្បីបង្កើនការអនុវត្តអនុសញ្ញាប្រកបដោយប្រសិទ្ធភាព និងលទ្ធភាពទទួលបា នជំនួយបច្ចេកទេស និងបច្ចេកវិទ្យាស្អាត និងថ្មី ដោយការផ្តល់ហរិញ្ញប្បទាន។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋលេខាធិការ បានលើកឡើងអំពីគោលជំហរ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិលើការលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងសុខភាពសាធារណៈ តាមរយ:ការបំពេញកាតព្វកិច្ចដែលមានចែងក្នុងអនុសញ្ញា និងកិច្ចព្រមព្រៀងពហុភាគីវិស័យបរិស្ថានពាក់ព័ន្ធនឹងសារធាតុ និងសំណល់គ្រោះថ្នាក់ រួមមាន ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការពង្រឹងសមត្ថភាព និងការរៀបចំកម្មវិធីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សាធារណជនពាក់ព័ន្ធនឹងសារធាតុ និងសំណល់គ្រោះថ្នាក់។
ទន្ទឹមនឹងនោះ លោកក៏បានចូលរួមពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ជាមួយថ្នាក់ដឹកនាំតំណាងបណ្តារដ្ឋភាគី តាមរយ:ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការគ្រប់គ្រងសារធាតុគីមី និងសំណល់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ (២០១៣-២០៣០) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូន ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវចម្រុះ ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (២០១៦-២០៣០) យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ( ២០២៣-២០២៨) ផែនទីបង្ហាញផ្លូវ អំពីការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តភាពនៅកម្ពុជា (២០២២-២០៣៥) ផែនការយុទ្ធសាស្ត្រគាំពារបរិស្ថាន (២០២៤-២០២៨) ។ល។
