
មន្រ្តីជំនាញចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកទំនប់ថ្មី ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដើម្បីបង្កើនសមត្ថភាពស្រោចស្រពផលដំណាំប្រជាកសិករជាង៤០០គ្រួសារ

ឧត្ដរមានជ័យ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកទំនប់ថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម បានមានប្រសាសន៍ថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារសរុបសម្រេចបានប្រមាណ ៤៥%។ ចំណែកឯ ការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ទី១.ជួសជុលទំនប់អាងទឹកទំនប់ថ្មី ប្រវែង ២០០០ម៉ែត្រ, ទី២.សាងសង់សំណង់ជើងទេរបេតុង ប្រវែង ៤០០ម៉ែត្រ ចំនួន ១កន្លែង, ទី៣.សាងសង់សំណង់ទ្វារទឹក(ទ្វារ៣) ចំនួន ២កន្លែង និងទី៤.សាងសង់សំណង់ធ្នឹមក្រវាត់ថ្មក្រោយសំណង់បង្ហៀរទំនប់ថ្មី ប្រវែង ១៥៥ម៉ែត្រ ចំនួន ១កន្លែង។
លោកប្រធាននាយកដ្ឋានវិស្វកម្ម បានបញ្ជាក់បន្ថែមថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៤៩២ហិកតា រដូវប្រាំងចំនួន ២៧៩ហិកតា និងដំណាំរួមផ្សំចំនួន ៧៨ហិកតា សម្រាប់បងប្អូនប្រជាកសិករប្រមាណ ៤១៨គ្រួសារ ក្នុងភូមិចំនួន២ ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕
