Cambodia Trending Close

តុលាការខេត្តកំពត សម្រេចបង្កកទ្រព្យសម្បត្តិ អតីតឧកញ៉ា ជា សារ៉ន

ដោយ៖ អែម លំអង ​​ | ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សង្គម

តុលាការខេត្តកំពត សម្រេចបង្កកទ្រព្យសម្បត្តិ អតីតឧកញ៉ា ជា សារ៉ន
————————————————-

តាមសេចក្តីប្រកាសព័ត៌មាន តុលាការបានសម្រេចបង្កកទ្រព្យសម្បត្តិដូចជា គណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១០៦ គណនី រួមទាំងអចលនវត្ថុ(ដី)ចំនួន ២.០១២ ក្បាលដី ស្មើនឹងទំហំ ២.២៨៨.៧៩៦,៨ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅខេត្តកំពត រាជធានីភ្នំពេញ កណ្ដាល និងកែប។

សាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងថក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់អតីតឧកញ៉ា ជា សារ៉ន។

សូមបញ្ជាក់ដែរថា ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ជា សារ៉ន បន្ទាប់ពីបុគ្គលរូបនេះ ត្រូវបានតុលការ ចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស ដែលពាក់ព័ន្ធនឹងការឆបោកប្រជាជនរាប់ពាន់នាក់។

បន្ថែមពីនេះ, សាលាដំបូងខេត្តកំពតបានអះអាងពីការពិនិត្យ និងសិក្សាលើអចលនវត្ថុ ដែលត្រូវបានបង្កកនេះ ដើម្បីជាមូលដ្ឋានក្នុងការរកដំណោះស្រាយជូនជនរងគ្រោះ និងដើមបណ្ដឹងរដ្ឋប្បវេណី ព្រមទាំងពិនិត្យស្រាវជ្រាវនូវកម្ចី (បំណុល)របស់ជនរងគ្រោះ និងដើមបណ្ដឹងរដ្ឋប្បវេណី នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅទូទាំងប្រទេសដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក៕