
កម្ពុជាចាប់ផ្តើមនាំចេញផ្លែទុរេនទម្ងន់១៧តោន ទៅចិនជាផ្លូវការ
(ភ្នំពេញ)៖ កម្ពុជាបានចាប់ផ្តើមការនាំចេញផ្លែទុរេនជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលមានទម្ងន់សរុបប្រហែល ១៧ តោន។ ផ្លែទុរេនទាំងនេះ ត្រូវបានវេចខ្ចប់តាមស្ទង់ដារ ដោយក្រុមហ៊ុន HF FRUIT LTD. នៅក្នុងខេត្តត្បូងឃ្មុំ បន្ទាប់ពីសម្ភោធរោងចក្រផ្លូវការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតបរិយាកាសវិនិយោគល្អ និងជំរុញវិស័យកសិកម្មឲ្យមានការអភិវឌ្ឍន៍ ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្ទាល់។
លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ទុរេននេះជាផលិតផលនាំចេញលើកដំបូងរបស់ខេត្ត ដែលធ្វើឲ្យកសិករដែលធ្លាប់ផ្គត់ផ្គង់តែទីផ្សារក្នុងស្រុក និងថៃ មានឱកាសចូលដល់ទីផ្សារអន្តរជាតិដ៏ធំមួយ។ ការមានរោងចក្រប្រមូលទិញ និងវេចខ្ចប់នេះ ក៏ជួយកាត់បន្ថយការចំណាយ និងបង្កើតភាពងាយស្រួលក្នុងការលក់បណ្តាលឲ្យកសិករទទួលបានតម្លៃសមរម្យ និងមានសុវត្ថិភាព។
គួរឱ្យដឹងថា នៅពេលបច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំទុរេនចំនួន ៥,២៨៩ ហិកតា ក្នុងនោះ ៣,៤០៣ ហិកតា អាចប្រមូលផលបាន ដែលអាចផលិតបាន ៣៦,៦៥៦ តោនក្នុង១ឆ្នាំ។ ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំទុរេនប្រហែល ៩៥០ ហិកតា ដែលអាចក្លាយជាដែនដីផលិតដ៏សំខាន់សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។
ក្រសួងកសិកម្ម ក៏បានបញ្ជាក់ថា កំពុងរៀបចំគោលនយោបាយជំរុញខ្សែច្រវាក់ផលិតកម្ម និងបង្កើនការនាំចេញ ដោយសង្ឃឹមថា ការនាំចេញទុរេនទៅចិននឹងក្លាយជាជំហានសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា ៕
