
បង្រ្កាបហាងលក់សម្លៀកបំពាក់ H Collection ៣សាខា ពាក់ព័ន្ធផលិតផលក្លែងក្លាយម៉ាក HUGO BOSS
ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះថា កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានអនុវត្តន៍ប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្រ្កាបហាងលក់សម្លៀកបំពាក់ H Collection ចំនួន៣សាខា ក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលក់ផលិតផលក្លែងក្លាយម៉ាក HUGO BOSS ។
ការប្រតិបត្តិការនេះអនុវត្តក្រោមការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន។
យោងតាមការត្រួតពិនិត្យជាក់ស្តែង កម្លាំងសមត្ថកិច្ចបានរកឃើញ និងដកហូតផលិតផលក្លែងក្លាយម៉ាក HUGO BOSS រួមមាន៖ អាវ ១៨៤៣អាវ, មួក ១២មួក, ស្បែកជើង ១៣២គូ, ខោ ២០ខោ និងខោក្នុងបុរស ១៨ខោ។ ជាពិសេស បាននាំខ្លួនម្ចាស់ហាង និងបុគ្គលពាក់ព័ន្ធទៅសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីតាមច្បាប់។
សមត្ថកិច្ចបានផ្តាំផ្ញើថា អាជីវករគួរតែគោរពច្បាប់ ដោយបញ្ឈប់នាំចូល ចែកចាយ ឬតាំងលក់ផលិតផលក្លែងក្លាយ និងក្លែងបន្លំម៉ាកសញ្ញា បើមិនដូច្នេះទេ នឹងមានវិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង៕
