
ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ធ្វើដំណើរទៅទស្ស្សនា នៅប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដើម្បីគាំទ្រកងទ័ព និងបង្ហាញស្មារតីស្រឡាញ់ជាតិ

ឧត្ដរមានជ័យ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់បានធ្វើដំណើរកម្សាន្ត និងទស្សនាប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដែលជារបស់ជាតិខ្មែរ ស្ថិតនៅក្នុងទឹកដីខ្មែរ ខេត្តឧត្ដរមានជ័យ។
ដំណើរនេះមិនត្រឹមតែជាការទស្សនាទេសភាពប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែពោរពេញដោយស្មារតីជាតិនិយម និងការរួមចំណែកផ្តល់កម្លាំងចិត្តដល់កងទ័ពកម្ពុជាដែលកំពុងបំពេញភារកិច្ចការពារបូរណភាពដែនដីជាតិ។ កងទ័ពខ្មែរប្រចាំតំបន់បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយមានវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋជាច្រើនបានបញ្ជាក់ពីក្តីស្រឡាញ់ដែនដីជាតិ និងបដិសេធចំពោះគំនិតបំពានលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ ពួកគេបាននិយាយដូចគ្នាថា «ដីខ្មែរ គឺជាសម្បត្តិរបស់ខ្មែរ» និងយល់ឃើញថា ការចូលរួមរបស់ពលរដ្ឋជា គឺជាកម្លាំងមួយក្នុងការជួយការពារសន្តិភាព និងបូរណភាពដែនដីរបស់ជាតិ។
សូមជម្រាបថា ចលនានេះក៏ត្រូវបានចាត់ទុកជា អនុស្សាវរីយ៍ជាតិនិយមដ៏មានន័យសំខាន់មួយ ដែលបញ្ជាក់ពីឯកភាពជាតិ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះដីដ៏មានតម្លៃរបស់ជាតិខ្មែរ៕
