
អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចេញសេចក្តីថ្លែងការណ៍ ស្តីពីចំណាត់ការសំណុំរឿងហិង្សារវាងកម្មករជនជាតិខ្មែរ និងមេការសំណង់ជនជាតិចិន

ខេត្តត្បូងឃ្មុំ៖ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីបញ្ជាក់ពីដំណើរការចាត់ចែងសំណុំរឿងហិង្សា ដែលបានកើតឡើងរវាងកម្មករជនជាតិខ្មែរ និងមេការសំណង់ជនជាតិចិន នៅការដ្ឋានសំណង់មួយក្នុងភូមិជាំម្លូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។
តាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ២០ ខែកក្កដា មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានអំពីករណីមួយដែលឲ្យដឹងថា មេការចិនបានរងរបួសច្រមុះ ដោយសារតែការប្រើហិង្សាពីកម្មករខ្មែរ។ ទន្ទឹមនឹងនេះ អយ្យការបានបញ្ជាក់ថា ការសួរសំណួរភាគីទាំងពីរ និងការត្រួតពិនិត្យភស្តុតាងពាក់ព័ន្ធ រួមទាំងការសន្និដ្ឋានពីគ្រូពេទ្យ បានបង្ហាញថា កម្មករខ្មែរមិនបានប្រើហិង្សាទេ។ដោយក្នុងពេលនោះគឺគ្រវាសដៃបានធ្វើឲ្យប្រេងម៉ាស៊ីនសំណង់លើដៃរបស់ខ្លួន ប៉ះទៅចុងច្រមុះមេការចិន។
សេចក្តីថ្លែងការណ៍បន្ថែមថា សមត្ថកិច្ចនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានព្យាយាមសម្របសម្រួលបញ្ហានេះ ប៉ុន្តែពុំបានជោគជ័យ។ សំណុំរឿងត្រូវបានបញ្ជូនមកអយ្យការដើម្បីដោះស្រាយតាមនីតិវិធី។ បន្ទាប់ពីការស៊ើបអង្កេតពិតប្រាកដ និងមើលឃើញថា មិនមានបំណងហិង្សា ឬបំណងបង្ករបួសឡើយ អយ្យការបានអនុញ្ញាតឲ្យកម្មករខ្មែរត្រឡប់ទៅលំនៅឋានវិញ។
អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានជម្រាបជូនសាធារណៈជនថា រាល់ការចាត់ចែងទាក់ទងនឹងសំណុំរឿងនេះ គឺផ្អែកលើចម្លើយពីភាគីទាំងពីរ សាក្សី និងភស្តុតាងជាក់ស្ដែង មិនមែនផ្អែកលើការលើកឡើង ឬអត្ថាធិប្បាយពីភាគីណាមួយតែម្ខាងនោះទេ៕
