
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការរៀបចំផែនការជាតិ ស្តីពីតំបន់អភិវឌ្ឍន៍កំពង់ផែក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក ហេង សុធី អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការរៀបចំផែនការជាតិ ស្តីពីតំបន់អភិវឌ្ឍន៍កំពង់ផែក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគម្រោងធ្វើឱ្យប្រសើរឡើងសមត្ថភាពរដ្ឋបាលកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន ព្រមទាំងក្រុមការងារជំនាញការបច្ចេកទេសនៃទីភ្នាក់ងារ JICA និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់លើលទ្ធផលសិក្សាព្យាករណ៍ទិន្នន័យដឹកជញ្ជូនសំខាន់ៗពីសំណាក់ក្រុមការងារជំនាញការបច្ចេកទេសនៃទីភ្នាក់ងារ JICA បន្ទាប់ពីទទួលបានពីអង្គភាព និងស្ថាប័នពាក់ព័ន្ធ។ លោកអគ្គនាយកបានកោតសរសើរដល់ក្រុមការងារជំនាញការ JICA លើកិច្ចខិតខំប្រឹងប្រែងរៀបចំឯកសារដ៏មានសារៈសំខាន់ខាងលើ។
អង្គប្រជុំក៏បានកែសម្រួល និងផ្តល់ព័ត៌មានជាធាតុចូលសំខាន់ៗមួយចំនួនសម្រាប់ជាមូលដ្ឋានក្នុងការកែលម្អលទ្ធផលសិក្សាទិន្នន័យខាងលើកាន់តែមានភាពប្រសើរឡើង។
បន្ទាប់ពីកិច្ចប្រជុំនេះ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋាននឹងបន្តពិនិត្យលទ្ធផល នៃការសិក្សានេះដើម្បីផ្តល់ការកែលម្អបន្ថែម ហើយក្រុមការងារជំនាញការ JICA នឹងបន្តសិក្សាពីផែនការលម្អិតបឋមលើគោលដៅអភិវឌ្ឍន៍ ដែលមានកំណត់ដោយឯកសារផែនការជាតិ ស្តីពីតំបន់អភិវឌ្ឍន៍កំពង់ផែខាងលើ៕
