Cambodia Trending Close

ពិធីបុណ្យចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ

ដោយ៖ អែម លំអង ​​ | ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ទស្សនៈខ្ញុំ សង្គម

ទំនៀមទំលាប់ចាប់ត្រីតាមបែបបុរាណធំជាងគេ បន្តទាក់ទាញពលរដ្ឋចូលរួមយ៉ាងច្រើនកុះកររាប់មុឺននាក់
…………

នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៥ មិនខុសពីរៀងរាល់ឆ្នាំរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណ ដែលជាទំនៀមទំលាប់បងប្អូនពលរដ្ឋ ពីដូនតាតជំនាន់រាប់រយឆ្នាំមកហើយ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់។ ពិធីនេះចាប់ត្រីនេះដែរគឺជាការបន្តថែរក្សាទំនៀមទំលាប់ពីបុរាណរបស់ពលរដ្ឋផង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយនៅមូលដ្ឋានតាមភូមិ-ស្រុក ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពិសេសស្រុកមេមត់ និងនៅទូទាំងប្រទេសផងដែរ។

បើតាមការបញ្ជាក់ពីអាជ្ញាធរស្រុកមេមត់ កម្មវិធីនឹងចាប់ផ្តើមជួបជុំគ្នានៅក្នុងបរិវេណបឹងត្រពាំងក្រមវេលាម៉ោង ៧:៣០នាទី ក្នុងនោះមានឧបករណ៍សម្រាប់ចាប់ត្រីបែបបុរាណមានដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ជាដើម។

ក្នុងពិធីចុះចាប់ត្រីតាមបែបបុរាណនេះដែរ ប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ។

សូមជម្រាបថា ជារៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះតែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ តែជាលក្ខណៈតាមតំបន់ក្នុងភូមិ-ស្រុក។ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តទុកដាក់គិតគូខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត បានរៀបចំព្រឹត្តិការណ៍នេះឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសដោយមានការផ្សព្វផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គឺក្រសួងព័ត៌មាន មានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ជាសេនាធិការ និងប្រព័ន្ធផ្សព្វផ្សាយឯកជននានា ដែលធ្វើឲ្យពលរដ្ឋជិតឆ្ងាយបានឃើញ បានដឹង និងចាប់អារម្មណ៍ បានចូលរួមយ៉ាងច្រើនកុះករកកកុញរាប់មុឺននាក់ ខណៈក្នុងនោះក៏មានអ្នកទេសចរណ៍បរទេសចូលរួមផងដែរ៕

អត្ថបទទាក់ទង