
ខេត្តកំពង់ចាម នឹងមានការសាងសង់ទីលានចាក់សំរាមថ្មីទំហំជាង៨ហិកតា
បើតាមអនុវត្តគម្រោង នៅចុងខែឧសភាខាងមុខ, ទីលានចាក់សំរាមថ្មីទំហំជាង ៨ ហិកតា ស្ថិតនៅភូមិកោះរកា ក្នុងឃុំកោះរកា ស្រុកកំពង់សៀម នឹងត្រូវស្ថាបនារួចរាល់។ នៅក្នុងពេលនេះ ក្រុមជាងនិងក្រុមបច្ចេកទេស កំពុងមមាញឹកក្នុងការសាងសង់។
កាលពីរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារមន្ត្រីបច្ចេកទេសបានអញ្ជើញពិនិត្យដំណើរការការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីទំនើបដែលមានស្តង់ដា។ ក្នុងពេលដែលបានពិនិត្យការងារ, ឯកឧត្តម អភិបាលខេត្តបានកោតសរសើរចំពោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនទទួលសាងសង់ ហើយបានរំលឹកដល់អ្នកអនុវត្តគម្រោងឱ្យបំពេញឱ្យបានតាមបណ្ដាចំណុចទាំងឡាយដែលមានចែងនៅក្នុងគម្រោង។
សូមជម្រាបជូនថាការអភិវឌ្ឍន៍ទីលានចាក់សំរាមថ្មីកំពុងសាងសង់លើផ្ទៃដីមានទំហំ ៨.១៣ ហិកតា។ ក្នុងនោះ មានទីលានទុកសំរាមបន្ថែមទំហំ ១.៣ ហិកតា និងអាងប្រព្រឹត្តកម្មទឹកកខ្វក់សរុប ៤ អាង។ ក្រុមការងារបានសាងសង់ផ្លូវចូលទៅទីលានចាក់សំរាមមានប្រវែងជាងពីរគីឡូម៉ែត្រ និងផ្លូវបេតុងនៅក្នុងទីលានដែលមានប្រវែងជាងមួយគីឡូម៉ែត្រ។
ក្រៅពីនេះក៏មានការសាងសង់ច្រកចូល និងរបងអគារការិយាល័យ, អគារស្នាក់នៅដែលមានកម្ពស់ ២ ជាន់, កន្លែងថ្លឹងរថយន្ត, អគារសម្រាប់ញែកសំរាម, អគាររោងជាង, អគារស្តុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងកន្លែងសម្រាប់លាងសម្អាតរថយន្ត, អគារសម្រាប់ធ្វើជាកំប៉ុស, រោងទុកសំរាមសំណល់គ្រោះថ្នាក់, និងស្ថាបត្យកម្មប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យផងដែរ។
គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន ប៊ីអេម ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី និងគ្រោងប្រើរយៈពេលសាងសង់ ១៧ ខែដែលដំណើរការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែកមករា ឆ្នាំ២០២៤ និងមានគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥៕
ប្រភព៖ ក្រសួងព័ត៌មាន
ចូលរួម Facebook និង Telegram របស់ Trending News

