
កម្ពុជា ចាប់ផ្តើមគម្រោងទឹកស្អាត និងអនាម័យធន់នឹងអាកាសធាតុ ដោយសហប្រតិបត្តិការជាមួយប្រទេសចិន និងអង្គការ យូនីសេហ្វ

ក្រសួងធនធានទឹក នៃសាធារណៈរដ្ឋប្រជាមានិតចិន អង្គការ យូនីសេហ្វ និងក្រសួង MISTI នៃកម្ពុជា បានចាប់ផ្តើមគម្រោងទឹកស្អាត និងអនាម័យធន់នឹងអាកាសធាតុ ដើម្បីធានាថាសហគមន៍ដែលងាយរងគ្រោះបំផុត មានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យដែលមានសុវត្ថិភាព ដោយកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
គម្រោងនេះផ្តោតលើការលើកកម្ពស់គុណភាពទឹក និងអនាម័យនៅសាលារៀន និងសហគមន៍ ដោយប្រើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលផ្អែកលើទំនាញ និងថាមពលពន្លឺព្រះអាទិត្យដោយប្រើបច្ចេកវិទ្យាឆ្លាតវៃត្រូវបានដំឡើងសម្រាប់ត្រួតពិនិត្យប្រព័ន្ធទឹក និងអនាម័យពីចម្ងាយ ដែលផ្តោតលើកុមារនិងមនុស្សពិការភាព ដោយកាត់បន្ថយការធ្វើដំណើរ។
លោក Li Guoying រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន បានបញ្ជាក់ថា ប្រទេសចិនប្តេជ្ញាសហការជាមួយកម្ពុជា និងអង្គការអន្តរជាតិ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ចីរភាពអោយបានរួចរាល់នៅមុនឆ្នាំ២០៣០។ លោក Anirban Chatterjee អនុប្រធាន UNICEF បានអះអាងថាការសហការនេះជួយកុមារទទួលបានសិទ្ធិរស់នៅក្នុងបរិស្ថានសុវត្ថិភាព និងមានសុខភាពល្អ។
ទន្ទឹមនិងនោះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី MISTI បានសម្ដែងថា កម្ពុជា កំពុងអនុវត្តគោលដៅ CSDG ៦.១ និង ៦.២ ដើម្បីធានាប្រជាជនទទួលបានទឹកស្អាត និងអនាម័យឱ្យបានច្រើនផងដែរ។
សូមជម្រាបថា គម្រោងនេះក៏នាំយកបច្ចេកវិទ្យាទំនើប និងដំណោះស្រាយប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេវាទឹកស្អាត និងអនាម័យ ក្រោមស្ថានភាពអាកាសធាតុផ្លាស់ប្តូរដែលកាន់តែធ្ងន់ធ្ងរ៕

