
លោក ឡាំ ជា ៖ កិច្ចការព្រំដែនជាកិច្ចការដ៏មានសារៈសំខាន់និងអាទិភាពបំផុតជាអាយុជិវិតរបស់ជាតិ
ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ក្នុងការធ្វើបទបង្ហាញស្ដីពី«ព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជា» ជូនបងប្អូនសហគមន៍ខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចការព្រំដែនដែលជាកិច្ចការដ៏មានសារៈសំខាន់និងអាទិភាពបំផុតជាអាយុជិវិតរបស់ជាតិ ។

លោក ឡាំ ជា បានមានប្រសាសន៍ថា កិច្ចការព្រំដែនដែលជាកិច្ចការដ៏មានសារៈសំខាន់និងអាទិភាពបំផុតជាអាយុជិវិតរបស់ជាតិដែលរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។
បើតាមលោករដ្ឋមន្ត្រី អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាការពារនូវសមិទ្ធផលជាប្រវត្តិសាស្ត្រពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវខ្ពស់បំផុតដើម្បីសម្រេចចក្ខុវិស័យ«កសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ» ព្រមទាំងធានារក្សាការពារមិនឱ្យមានការរំលោភបានជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងបទបង្ហាញនោះផងដែរ លោករដ្ឋមន្ត្រី ឡាំ ជា ក៏បាន
លើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ទី១-ការរំលឹកប្រវត្តិសាស្ត្រខ្មែរនៃសម័យកាលនីមួយៗពាក់ព័ន្ធនឹងការវិវត្តទឹកដី, ទី២-ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង និងទី៣-យុទ្ធសាស្ត្រការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់រាជរដ្ឋាភិបាល, ទី៤. ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង៕








