Cambodia Trending Close

ផលិតកម្ម Galaxy ទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី”

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ តារា ព័ត៌មានជាតិ សង្គម

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប និងលោកជំទាវ បានអញ្ជើញជាកិត្តិយស ក្នុងពិធី ធំទទួលសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី” ដែលជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ។
ក្នុងពិធីនេះដែរក៏មានការចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុន ទីប្រឹក្សាផលិតកម្ម ផលិតករ អ្នកនិពន្ធ តារាចម្រៀង សិល្បករសិល្បការិនី និងភ្ញៀវកិត្តិយសជាច្រើនរូប។ ដែលប្រាព្ធធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ ។


មានប្រសាសន៍ក្នុងឱកាសនោះ អមដោយបន្លឺឡើងសំឡេងជយឃោសរំលេចពាក្យ «អរគុណសន្តិភាព, អរគុណសម្តេចតេជោដែលបានស្វែងរកសន្តិភាព, អរគុណសម្តេចមហាបវរធិបតីដែលបន្តការពារសន្តិភាព, សន្តិភាពជារនាំងការពារអាយុជីវិតយើងទាំងអស់គ្នា» អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងគោរពនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅផ្តល់ឱកាសឲ្យក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទទួលសិទ្ធិផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី” ដោយអ្នកឧកញ៉ាបង្ហាញនូវមោទកភាពដ៏ខ្ពង់ខ្ពស់យ៉ាងក្រៃលែងសម្រាប់ផលិតកម្ម ហ្គាឡាក់ស៊ី និងក្នុងនាមអ្នកឧកញ៉ាផ្ទាល់ដែលបានទទួលនូវភារកិច្ចដ៏មានតម្លៃជាប្រវត្តិសាស្រ្តក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី”។
អ្នកឧកញ៉ាមានប្រសាសន៍ថា «ខ្ញុំបាទ ក្នុងនាមក្រុមហ៊ុន ជាមួយឯកឧត្តម ហ៊ឹម នភា លោក ខេម មានមោទនភាពយ៉ាងក្រៃលែង ទទួលបានការអនុញ្ញាតិណែនាំជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងនិងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ការងារប្រវត្តិសាស្រ្តសម្រាប់ការផលិតកម្រងចម្រៀងជូនសម្តេចទាំងទ្វេ ដើម្បីទុកជាមរតកដល់អ្នកជំនាន់ក្រោយបានដឹង និងឈ្វេងយល់ពីដំណើររឿង ដោយសាររឿងនេះជាដំណាក់កាលប្រវត្តិសាស្ត្រ និងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្តេចតេជោ ក្នុងកំឡុងពេលចូលព្រៃ ហើយធ្វើការតស៊ូនឹងស្វែងរកការផ្សះផ្សារនាំសុខសន្តិភាពជូនជាតិមាតុភូមិ»។




ទន្ទឹមគ្នានេះ អ្នកឧកញ៉ាមានប្រសាសន៍ដោយក្តីអំណរដោយទទួលការងារមួយមួយនេះ ព្រោះភារកិច្ចដ៏ធំធេងគឺមានតម្លៃមហាសាលក្នុងជីវិតអ្នកឧកញ៉ា ដែលរកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយអ្នកឧកញ៉ារួមជាមួយឯកឧត្តម ហ៊ឹម នភា តារាចម្រៀង ដែលទទួលបានការណែនាំផ្ទាល់ពីសម្តេចតេជោ គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតកម្រង Album កម្រងចម្រៀងរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី” ដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្សល់ទុកកម្រងចម្រៀងដល់អ្នកជំនាន់ក្រោយបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ដែលសាច់រឿង និងចម្រៀងនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ជំនាន់ អាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីតថភាពនៃជីវិតពិតៗ របស់ សម្តេច ក្នុងបុព្វហេតុប្តូរសាច់ស្រស់ ឈាមស្រស់តស៊ូសង្រ្គោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត និងដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវ និងអាចរក្សាសិទ្ធិបានពេញលេញ។
នៅក្នុងរបារាយការណ៍ស្តីពីការរៀបចំផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ឯកឧត្តម ជា លីសែ ទីប្រឹក្សាផលិតកម្ម Galaxy Navatra បានលើកឡើងថា អមជាមួយវណ្ណកម្មដ៏ថ្លៃថ្លានៃខ្សែភាពយន្តភាគខ្នាតធំ និងស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ផលិតកម្ម Galaxy Navatra បានទទួលមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការទទួលបានសិទ្ធិដើម្បីផលិតជា Albums ចម្រៀងផ្លូវការរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាជំហានដំបូង ក្នុង ១ Album នឹងមានប្រហែលចន្លោះពី ៨ Vol. ទៅ 10Vol. ដែលក្នុង Vol. នីមួយៗ នឹងមាន ១០ បទ សរុបប្រហែលចន្លោះពី ៨០ បទទៅ ១០០បទ ក្នុងមួយ Album។ ជារួម សរុបទាំង 2 albums ទាំងបទ លំនាំបទដើម និង មេឡូឌីថ្មី ប្រហែលជាជិត ២០០ បទ៕