
សារសម្តេចតេជោ ហ៊ុន សែន ចំពោះមរណភាពបងប្រុសច្បង
ភ្នំពេញ៖នៅម៉ោងប្រមាណ៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំពីមរណភាពបងប្រុសច្បង ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដោយមានខ្លឹមសារទាំងស្រុងថា៖
(សង្ខារមិនទៀងតែការស្លាប់គឺទៀង) បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។ បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗនិងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទីមួយ។ ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេ ព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯងដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។
១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។លើកនេះពេលបងទី១ទទួលមរណភាពភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។ បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។
កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិដែលមិនអាចចៀសវាងបាន៕
