Cambodia Trending Close

សម្តេចតេជោ៖ កាលពីអតីតកាលយើងជួយគ្នា ពឹងគ្នាទៅវិញទៅមកតាមរយៈកងទ័ព តែឥឡូវកម្ពុជា-វៀតណាមជួយគ្នា និងពឹងគ្នាទៅវិញទៅមកតាមរយៈសេដ្ឋកិច្ច

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ នយោបាយ សង្គម សេដ្ឋកិច្ច
សម្តេចតេជោ៖ កាលពីអតីតកាលយើងជួយគ្នា ពឹងគ្នាទៅវិញទៅមកតាមរយៈកងទ័ព តែឥឡូវកម្ពុជា-វៀតណាមជួយគ្នា និងពឹងគ្នាទៅវិញទៅមកតាមរយៈសេដ្ឋកិច្ច សម្តេចតេជោ៖ កាលពីអតីតកាលយើងជួយគ្នា ពឹងគ្នាទៅវិញទៅមកតាមរយៈកងទ័ព តែឥឡូវកម្ពុជា-វៀតណាមជួយគ្នា និងពឹងគ្នាទៅវិញទៅមកតាមរយៈសេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញអំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ពឹងពាក់គ្នា និងជួយគ្នាទៅវិញទៅមក តាំងពីអតីតកាលមកទល់បច្ចុប្បន្ន។
បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងជំនួបនោះថា លោកនាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការស្វាគមន៍ចំពោះ សម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងខួប ៥០ឆ្នាំ នៃថ្ងៃរំដោះភាគខាងត្បូងនិងបង្រួបបង្រួមវៀតណាម នៅទីក្រុងហូជីមីញនៅពេលនេះ។ សម្តេចតេជោ ក៏បានអរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងអស់ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ។
ក្នុងឱកាសនោះ សម្តេចតេជោ បានលើកឡើងថា កាលពីអតីតកាលយើងជួយគ្នា ពឹងគ្នាទៅវិញទៅមក តាមរយៈកងទ័ព តែឥឡូវ កម្ពុជានិងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។
សម្តេចតេជោ បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះ វាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។
សម្តេច បន្ថែមថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេស សង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជានិងវៀតណាមផងដែរ ។
ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ យើងត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។ សម្តេចតេជោ ចង់ឃើញប្រទេសទាំងពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ៕
សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លារអាមេរិក និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ២០ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦លាននាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។
ជាការឆ្លើយតប លោក ផាម មិញជិញ ក៏ពេញចិត្តចំពោះកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ លោកនាយករដ្ឋមន្រ្តី សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា វៀតណាម សម្រេចបាន២០ ពាន់លានដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ ។
លោកនាយករដ្ឋមន្រ្តី បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់ទៅកាន់ប្រទេសកម្ពុជា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។៕