Cambodia Trending Close

ខ្វះ១៥នាទី ដល់ថ្ងៃឱសានវាទ លោក ឌួង ឆាយ យកកូនស្រីប្រគល់ឲ្យអតីតភរិយា ដេត ម៉ាលីណា

ដោយ៖ Kosal Sean ​​ | ថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ វប្បធម៌ និងសិល្បៈ
ខ្វះ១៥នាទី ដល់ថ្ងៃឱសានវាទ លោក ឌួង ឆាយ យកកូនស្រីប្រគល់ឲ្យអតីតភរិយា ដេត ម៉ាលីណា ខ្វះ១៥នាទី ដល់ថ្ងៃឱសានវាទ លោក ឌួង ឆាយ យកកូនស្រីប្រគល់ឲ្យអតីតភរិយា ដេត ម៉ាលីណា

ភ្នំពេញ៖ នៅម៉ោងប្រមាណ ១៦៖៤៥ នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ពោលគឺខ្វះតែ១៥នាទីប៉ុណ្ណោះ ដល់ថ្ងៃឱសានវាទដែលតុលាការចេញដីការបង្គាប់ លោក ឌួង ឆាយ បានស្ម័គ្រចិត្តយកកូនស្រី ប្រគល់ជូនអតីតភរិយា ដេត ម៉ាលីណា ។

បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ ស្តីពីលទ្ធផលនៃការអនុវត្តដីកាសម្រេចលេខ ០៨ក្រVII សអ.ដកស ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ បានឲ្យដឹងថា លោក ឌួង ឆាយ បានស្ម័គ្រចិត្តប្រគល់កូនស្រី ឈ្មោះ ឌួង រាជនីគុជ ដែលមានអាយុ៦ឆ្នាំ ប្រគល់ទៅអតីតប្រពន្ធ ដេត ម៉ាលីណា នៅបន្ទាប់អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ។

បើតាមអាជ្ញាសាលា ណៃសាលាដំបូងរាជនីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ អាជ្ញាសាលា បានចេញលិខិតជូនដំណឹងបង្គាប់ឲ្យឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្ត ដោយប្រគល់កូនស្រី ឲ្យទៅឈ្មោះ ដេត ម៉ាលីណា ដែលត្រូវជាម្តាយ ឲ្យបានឆាប់រហ័សក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងដប់ប្រាំពី និងសូន្យនាទី ជាកំហិត។

បន្ទាប់ពីបានប្រគល់កូនស្រី ជូនអតីតភរិយារួច លោក ឌួង ឆាយ បានបង្ហោះសារក្នុងបណ្តាញសង្គម នៅយប់ថ្ងៃទី២ ខែមេសានេះ ដោយមានខ្លឹមសារថា “ខ្ញុំស្ម័គ្រចិត្តអោយកូនស្រីទៅនៅជាមួយម្តាយគេ សង្ឃឹមថាកូនៗ ខ្ញុំនឹងមានភាពកក់ក្តៅគ្រប់គ្រាន់ និងមានអនាគតល្អជាងពេលរស់នៅជាមួយខ្ញុំ។ ពុកគឺនៅទីនេះ​ចាំការពារមើលថែកូនៗជានិច្ច។ ពុកនឹងចាំជូនកូនៗដើរលេងជារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ និងអាទិត្រ”។

ចំណែកអ្នកស្រី ដេត ម៉ាលីណា បន្ទាប់ពីទទួលបានកូនស្រី ក៏បានបង្ហោះសារតាមរយៈបណ្តាញសង្គម ដោយមានខ្លឹមសារថា “នាងខ្ញុំសូមអរគុណចំពោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានជួយពន្លឿន និង​ដំណោះ​ស្រាយដោយយុត្តិធម៌ ដែលបានឱ្យនាងខ្ញុំមានសិទ្ធិ​ទទួលបានកូនស្រី​មកគ្រប់​គ្រង​តាម​ដីកាសម្រេចរបស់តុលាការ វិញ។ នាងខ្ញុំពិតជាសប្បាយ និងរីករាយក្នុងចិត្តយ៉ាងខ្លាំង​ដោយ​មិនអាចកាត់ថ្លៃបានឡើយ បន្ទាប់ពីបានជួបកូនស្រីជាទីស្រឡាញ់របស់នាងខ្ញុំ ព្រោះថាបែកពីកូនស្រី ជាយូរមកហើយ”។

អ្នកស្រី ដេត ម៉ាលីណា បានបន្តទៀតថា “សូមអរគុណផងដែរចំពោះលោក ខាំ សុមករា អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានពន្លឿន​ក្នុងការអនុវត្ត​ប្រគល់កូន​មកឱ្យនាង​ខ្ញុំតាមការទាមទារនេះ។ អ្វីដែលសំខាន់សំរាប់នាងខ្ញុំ​និងក្រុមគ្រួសារភ្លេចមិនបាន​គឺសូមអរគុណពូ​មីងបងប្អូនពេលនេះខ្ញុំបានជួបជុំកូនស្រីខ្ញុំហើយ អរគុណសំរាប់​ការផ្តល់​កំលាំងចិត្តរបស់បងប្អូនពូមីងដែលបានជូនពរម្ដាយនិងកូនខ្ញុំបានជួបជុំគ្នាវិញពេលនេះពាក្យជូនពរដ៏មានតំលៃពិសេសពិសាលនោះក្លាយជាការពិត ហើយសំរាប់ជីវិតខ្ញុំ រយៈពេល​១ឆ្នាំ​១០​ខែ​​ខ្ញុំបែកកូនរហូតមក​ដល់ពេលនេះខ្ញុំរំភើបចិត្តខ្លាំងណាស់រកអ្វីមកនិយាយមិនត្រូវទេ​នៅ​ទឹក​ចិត្ត​ដែល​ពូមីងបងប្អូនទំងអស់អាណិតនិងស្រលាញ់ពួកខ្ញុំ ជាចុងក្រោយនាង​ខ្ញុំសូម​ជូនព​រ​ពូមីង​បងប្អូនជួបតែសេចក្ដីសុខ ក្នុងក្រុមគ្រួសារមានស្នាមញញឹមពិត និង​ជាពិសេស​មាន​សុខ​ភាពល្អ នេះជាក្ដីស្រលាញ់ម្តាយ និងកូនដែលគ្មាន​ថ្ងៃប្រែរ​យលាន​អត្ថន័យ​សំ​រាប់ស្ត្រី ជាម្ដាយដែលលះបង់​អាយុជីវិតនិងសម្រស់​និងភាពភ័យខ្លាច​ការឈឺចាប់ដើម្បីកូន ស្ត្រីទាំងអស់គ្នាត្រូវតែរឹងមាំដើម្បីខ្លួនឯងនិងកូនៗនាងខ្ញុំបានជួបកូនស្រីជាទីស្រឡាញ់របស់នាងខ្ញុំវិញហើយ ឈាម ខាប់ជាង ទឹក៕

អត្ថបទទាក់ទង