
ក្រសួងទេសចរណ៍កម្ពុជា និងសាកលវិទ្យាល័យ Cappadocia ចុះកិច្ចសន្យា លើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Cappadocia ចូលជួបពិភាក្សាការងារផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងការចែករំលែកនូវបទពិសោធរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព បៃតង បរិយាប័ន្ន ព្រមទាំងទេសចរណ៍ដែលមានតម្លៃបន្ថែម។
តាមរយៈជំនួបដ៏សំខាន់ និងផ្លែផ្កានេះ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ នឹងបង្កើតកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ តាមរយៈគម្រោងចុះអនុស្សារណៈនៃការយោគយល់គ្នា សំដៅលើការចែករំលែកនូវបទពិសោធ និងការបណ្តុះបណ្តាលរយៈពេលវែង និងខ្លី។
សូមបញ្ជាក់ជូនថា លោកសាស្រ្តាចារ្យបណ្ឌិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរៀបចំផែនការទេសចរណ៍ និងគំនិតផ្តួចផ្តើមប្រកបដោយនិរន្តភាពសម្រាប់ក្រសួងទេសចរណ៍ និងវប្បធម៌តួកគីយ៉េ និងបណ្តាប្រទេសមួយចំនួនទៀត ហើយសាកលវិទ្យាល័យ Cappadocia ត្រូវបានចាត់ជាសកលវិទ្យាល័យនាំមុខគេ និងជោគជ័យមួយលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ជាន់ខ្ពស់ (ដូចជាមគ្គុទេសក៏ទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារ)៕

