Cambodia Trending Close

អនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំបង្ក្រាបបទល្មើសជលផល នៅខេត្តកំពង់ចាម

ដោយ៖ គុជ ឥន្ទាវុធ ​​ | 6 ម៉ោងមុន សង្គម
អនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំបង្ក្រាបបទល្មើសជលផល នៅខេត្តកំពង់ចាម អនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំបង្ក្រាបបទល្មើសជលផល នៅខេត្តកំពង់ចាម

(កំពង់ចាម) នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបបទល្មើសជលផល និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ការចុះអនុវត្តសកម្មភាពនេះ ធ្វើឡើងក្នុងការសហការជាមួយមន្ទីរកសិកម្មខេត្តកំពង់ចាម អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងអាជ្ញាធរមូលដ្ឋានប្រចាំស្រុកទាំងពីរ ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញា វង្ស ប៊ុនវិសុទ្ធ អាយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

ក្នុងអំឡុងបេសកកម្ម ក្រុមការងារបានរឹបអូសនិងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើនមុខ ដែលត្រូវបានប្រើសម្រាប់នេសាទផ្ទុយនឹងច្បាប់ ជាពិសេសបំពានលើតំបន់ជលផលធម្មជាតិ។ នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ មានការរឹបអូសឧបករណ៍លូស្បៃមុងចំនួន ១២ មាត់ របាំងស្បៃមុងប្រវែង ៦០០ ម៉ែត្រ បង្គោលចម្រឹងចំនួន ១៨០ ដើម ហើយបានចាក់លែងត្រីចម្រុះទម្ងន់ ៦ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ។ ចំណែកឯនៅចំណុចទំនប់ជ្រោយចេក ឃុំទ្រាន ស្រុកកំពង់សៀម ក៏បានរឹបអូសឧបករណ៍លូស្បៃមុងចំនួន ៦ មាត់ របាំងស្បៃមុងប្រវែង ១២០ ម៉ែត្រ បង្គោលចម្រឹង ៥០ ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ៣ គីឡូក្រាមវិញដូចគ្នា។

ក្រោយបញ្ចប់ការចុះបំពេញបេសកកម្ម ឯកឧត្តម ទឹម បូរក្ស ក៏បានជួបប្រជុំជាមួយមន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីផ្តាំផ្ញើសារសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្រ្តី និងពង្រឹងការងាររបស់មន្រ្តីក្នុងការពារនិងអភិរក្សធនធានជលផលឱ្យបានប្រសើរឡើង។

បន្ថែមពីនោះ អាជ្ញាធរដែលពាក់ព័ន្ធបានផ្តោតសំខាន់លើការពង្រឹងអនុវត្តច្បាប់ និងបង្កើនការយល់ដឹងជាសាធារណៈ ដើម្បីការពារ និងអភិរក្សធនធានជលផល ឱ្យមានភាពចីរភាព និងបន្សល់ឱ្យជំនាន់ក្រោយ៕

អត្ថបទទាក់ទង