
ខ្លាពពក (Neof elis nebulosa) ដែលមានកំណើតដើមនៅតំបន់អាស៊ីអាគ្នេហ៍ ដែលបច្ចុប្បន្នប្រទះឃើញនៅតំបន់ជួរភ្នំក្រវ៉ាញ រងការគំរាមកំហែង ស្ថិតក្នុងបញ្ជីក្រហម

ភ្នំពេញ៖ ក្នុងថ្ងៃនៃទិវាសត្វខ្លាអន្តរជាតិ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបង្ហាញអំពីប្រភេទ សត្វខ្លាពពក (𝘕𝘦𝘰𝘧𝘦𝘭𝘪𝘴 𝘯𝘦𝘣𝘶𝘭𝘰𝘴𝘢) ជាខ្លាព្រៃទំហំមធ្យម មានកំណើតដើមនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្នបានប្រទះឃើញមានវត្តមាននៅកម្ពុជា ហើយរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហម។
បើតាមក្រសួងបរិស្ថាន បានលើកឡើងថា សត្វនេះត្រូវបានចាត់ចូលជាប្រភេទទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយសព្វថ្ងៃឃើញមានផងនៅតំបន់ការពារនានាក្នុងប្រទេសកម្ពុជារួមមាន តំបន់ជួរភ្នំក្រវាញកណ្តាលដែរ។ ទោះបីជាខ្លាពពកអាចរស់នៅតាមទីជម្រកផ្សេងៗ ដូចជាព្រៃស្រោង តំបន់ព្រៃល្បោះ និងតាមតំបន់ដីសើមក៏ដោយ ជាទូទៅសត្វនេះមិនងាយបានឃើញឡើយ ហើយក៏ពុំសូវមានព័ត៌មានច្រើនពីវាប៉ុន្មានដែរ។
ក្រសួងបរិស្ថាន សហការជាមួយ អង្គការអភិរក្សអន្តរជាតិ កម្ពុជា (អង្គការCI) សហគមន៍មូលដ្ឋាន និងដៃគូពាក់ព័ន្ធរួមគ្នាការពារទីជម្រក និងជីវៈចម្រុះជាពិសេសប្រភេទសត្វជិតផុតពូជ រួមទាំងសត្វខ្លាពពកផង តាមរយៈការគាំទ្រផ្នែកជំនាញបច្ចេកទេសដល់មន្ត្រីបរិស្ថានក្នុងកិច្ចការងារអនុវត្តច្បាប់ តាមដានស្រាវជ្រាវ ផ្សព្វផ្សាយជីវៈចម្រុះ និងកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ជាដើម។ យើងអាចចូលរួមថែរក្សាសត្វខ្លាពពកបានដោយគាំទ្រដល់កិច្ចការងារអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វព្រៃ មិនជួញដូរសត្វព្រៃ និងមិនកាប់បំផ្លាញព្រៃឈើ៕
