
អ្នកជំនាញកម្ពុជា-បារាំង ចុះពិនិត្យទីតាំងគម្រោង WAT4CAM មួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
កំពង់ចាម៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាដំណាក់កាលទី១ (WAT4CAM_Phase I) បានជូនដំណើរលោក DOLLFUS Emmanuel នាយករងទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំក្រុងភ្នំពេញ ចុះពិនិត្យទីតាំងគម្រោងថ្មីៗ មួយចំនួនស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
សូមបញ្ជាក់ថា កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១ បានទទួលហិរញ្ញប្បទានរបស់ទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ និងសហភាពអឺរ៉ុប ហើយដែលកំពុងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅជនបទឱ្យមានជីវភាពរីកចម្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
ក្នុងឱកាសនៃការចុះពិនិត្យនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម គ្រោងនឹងរៀបចំកសាងកម្មវិធី WAT4CAM ដំណាក់កាលទី២ បន្តពីកម្មវិធី WAT4CAM ដំណាក់កាលទី១ ដើម្បីគាំទ្រដល់គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខទឹក តាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការកែលម្អផ្លូវទឹកធម្មជាតិ ដែលតភ្ជាប់ពីទន្លេមេគង្គទៅទន្លេសាប។
លើសពីនេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសគម្រោងទាំងនេះនឹងជួយកាត់បន្ថយហានិភ័យទឹកជំនន់ទន្លេមេគង្គសម្រាប់ខេត្តកណ្តាល និងរាជធានីភ្នំពេញ ហើយកម្មវិធី WAT4CAM ដំណាក់កាលទី២នេះ ក៏ចូលរួមក្នុងការពង្រឹងផ្លូវទឹក ជួយកាត់បន្ថយទឹកជំនន់ទន្លេមេគង្គ ជួយដល់ការធ្វើដំណើររបស់ត្រីក្នុងរដូវត្រីពងពីទន្លេមេគង្គទៅកាន់បឹងទន្លេសាប និងជួយគាំទ្រដល់ការកែលម្អមុខងារអេកូឡូស៊ីនៃអាងទន្លេសាបផងដែរ៕
