
WWF-Cambodia អំពាវនាវចូលរួមក្នុងការអភិរក្សសត្វព្រៃនៅកម្ពុជាក្នុងថ្ងៃទិវាសត្វខ្លារខិនអន្តរជាតិ
ភ្នំពេញ៖ អង្គការ WWF-Cambodia បានអំពាវនាវឲ្យរួមគ្នាចូលរួមអភិរក្សត្វព្រៃនៅកម្ពុជា ក្នុងទិវាសត្វខ្លារខិនអន្តរជាតិ ។ នេះបើតាមសារលើកបណ្តាញសង្គមនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ។
បើតាម អង្គការ WWF-Cambodia បានលើកឡើងថា ខ្លារខិន គឺជាប្រភេទសត្វដែលធ្លាប់បានប្រទះឃើញពាសពេញនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា។ ខ្លារខិនទាំងនេះត្រូវបានគេស្គាល់ថាមានមាឌធំល្មម ហើយមានស្បែកក្រឡាខ្មៅៗគួរឱ្យទាក់ទាញ។ សត្វប្រភេទនេះចូលចិត្តរស់នៅតំបន់ព្រៃរបោះ និងព្រៃចម្រុះ។
ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច គឺធ្លាប់ជាទីជម្រកដ៏រឹងមាំក្នុងតំបន់សម្រាប់ខ្លារខិន ប៉ុន្តែបញ្ហាការដាក់អន្ទាក់ ការបាត់បង់ទីជម្រក និងការបាត់បង់ចំណីអាហារ បានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់សត្វទាំងនេះ។ ខ្លារខិន ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់ IUCN ឆ្នាំ ២០១៩ គឺជាប្រភេទជិតផុតពូជបំផុត។
ការការពារសត្វប្រភេទនេះ គឺចាំបាច់បំផុតនាពេលនេះ ជាក់ស្តែងកាលពីឆ្នាំមុន អង្គការ WWF-កម្ពុជា បានថតបានសត្វខ្លារខិនញីមួយក្បាលដែលកំពុងដើរនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ហើយនៅឆ្នាំ ២០២៥ នេះ យើងក៏កំពុងបន្តដាក់កាំមេរ៉ាស្វ័យប្រវត្តិជាច្រើនដោយសង្ឃឹមថានឹងបានឃើញសត្វខ្លារខិននេះម្តងទៀត។ នៅក្នុងទិវានៃការអភិរក្សសត្វទិវាខ្លារខិនអន្តរជាតិ សូមចូលរួមទាំងអស់គ្នាដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីតម្រូវការក្នុងការបញ្ឈប់ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅក្នុងព្រៃឈើរបស់យើង។ ជាមួយនឹងការចូលរួមរបស់យើងទាំងអស់គ្នា យើងអាចធានាថាមនុស្សជំនាន់ក្រោយនឹងនៅតែអាចឃើញភាពអស្ចារ្យនៃប្រភេទសត្វព្រៃរបស់កម្ពុជា៕
