Cambodia Trending Close

សម្តេចធិបតី ហ៊ុន ម៉ាណេត៖ ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ម្សិលមិញ ម៉ោង 15:36 pm ព័ត៌មានជាតិ សុខភាព
សម្តេចធិបតី ហ៊ុន ម៉ាណេត៖ ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ សម្តេចធិបតី ហ៊ុន ម៉ាណេត៖ ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ថា ការបង្ការជំងឺមហារីកត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ចំនួន២គឺ ទី១ រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នជំនាញពាក់ព័ន្ធចូលរួមអប់រំផ្សព្វផ្សាយ និងបង្កលក្ខណៈក្នុងការបង្ការជំងឺមហារីក និងទី២ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺនេះតាមរយៈការលេងកីឡា និងទទួលទានអាហារឱ្យបានល្អ និងត្រឹមត្រូវ។ 

ក្រសួងស្ថាប័នជំនាញ មានដូចជា ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកគយ និងរដ្ឋាករ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ការនាំចូលសាច់ខូចគុណភាពដែលអាចបង្កហានិភ័យដល់សុខភាពរបស់ប្រជាពលរដ្ឋ។ 

បន្ថែមពីនេះ ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ចូលរួមអប់រំ, ណែនាំ ដល់សិស្សានុសិស្ស និងអ្នកលក់ដូរនៅតាមសាលារៀន អំពីហានិភ័យ និងការបង្ការអំពីជំងឺមហារីក។ 

ជាមួយគ្នានេះ អាជ្ញាធរត្រូវរៀបចំបរិស្ថានអំណោយផលដល់ការហាត់ប្រាណ និងលេងកីឡារបស់ប្រជាពលរដ្ឋ។ ចំណែកប្រជាពលរដ្ឋអាចចូលរួមបង្ការជំងឺមហារីកតាមរយៈការហាត់ប្រាណ, ការលេងកីឡា និង ការពិនិត្យសុខភាពជាប់ជាប្រចាំ រួមទាំងការទទួលទានតែអាហារណាដែលមានគុណភាពល្អមិនប៉ះពាល់ដល់សុខភាព និងតមអាហារណាមិនចាំបាច់​ និងប៉ះពាល់សុខភាព រួមទាំងការមិនទទួលទានបារីគ្រប់ប្រភេទ។ 

ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានពង្រឹងសមត្ថភាពមមន្ទីរពេទ្យដែលមានឯកទេសក្នុងការព្យាបាលជំងឺមហារីក ដើម្បីព្យាបាលប្រជាពលរដ្ឋដែលមានជំងឺមហារីក ព្រោះការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំរបស់រាជរដ្ឋាភិបាល។ 

ជាមួយគ្នានេះ សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ខ្លាំងណាស់ ព្រោះនៅពេលដែលសុខភាពមិនល្អ នឹងក្លាយទៅជាបន្ទុកសម្រាប់រដ្ឋ ហេតុនេះត្រូវចូលរួមទាំងអស់គ្នា ទាំងការបង្ការ ការអប់រំ និងការព្យាបាលឱ្យបានទាន់ពេល ហើយជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ព្រោះ សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាសុខភាពប្រជាជនបានល្អ ។ 

មុននឹងបញ្ចប់ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖

ទី១. ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង, សម្របសម្រួល និង អនុវត្ត ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល ។

ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីកឱ្យបានជាក់លាក់ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលគ្រប់កម្រិតទាំងរដ្ឋ និង ឯកជន ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើរោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។

ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិតទាំងជំនាញវេជ្ជសាស្រ្ត និង ជំនាញវិជ្ជាជីវៈអមសុខភាពដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ទី៤. ក្រសួងស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក ។

ទី៥. ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល,សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្តប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។

ទី៦. អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត និង ទី៧. សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះ តាមរយៈការស្វែងយល់កត្តាហានិភ័យ និង ធ្វើការផ្លាស់ប្តូរឥរិយាបថដែលប្រឈម នឹងការកើតជំងឺមហារីក៕

អត្ថបទទាក់ទង