
ប្រតិភូកម្ពុជា ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន នៅចក្រភពអង់គ្លេស
ភ្នំពេញ៖ នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ និងទីក្រុងប៊ើមិនហែម នៃចក្រភពអង់គ្លេស ក្នុងគោលបំណងដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនអង់គ្លេស។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយ លោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស ដើម្បីជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចខាងលើ។
ជាមួយគ្នានេះ លោកស្រី ឯកអគ្គរាជទូត បានសម្តែងនូវទឹកចិត្តរីករាយ និងគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅចក្រភពអង់គ្លេស ដើម្បីជំរុញធុរជន វិនិយោគិនអង់គ្លេស មកធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៍ដូចជាជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសឱ្យមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគតខាងមុខ៕
