Cambodia Trending Close

រលកកម្ដៅនៅអឺរ៉ុបកំពុងក្លាយជាទន្លាប់ថ្មីដែលពិភពលោកត្រូវសម្របខ្លួន

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
រលកកម្ដៅនៅអឺរ៉ុបកំពុងក្លាយជាទន្លាប់ថ្មីដែលពិភពលោកត្រូវសម្របខ្លួន រលកកម្ដៅនៅអឺរ៉ុបកំពុងក្លាយជាទន្លាប់ថ្មីដែលពិភពលោកត្រូវសម្របខ្លួន

ភ្នំពេញ៖ នៅក្នុងពេលដែលប្រទេសជាច្រើននៅទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងសីតុណ្ហភាពខ្ពស់ខុសពីធម្មតា ទីភ្នាក់ងារអាកាសធាតុនៃអង្គការសហប្រជាជាតិ (WMO) បានព្រមានថា រលកកម្ដៅកំពុងក្លាយជាទន្លាប់ថ្មីមួយ ដែលពិភពលោកត្រូវតែសម្របខ្លួន និងត្រៀមខ្លួននឹងវានាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

អ្នកទេសចរជាច្រើនឃើញឈរជាប់កង្ហារត្រជាក់នៅទីក្រុង រ៉ូម ប្រទេសអ៊ីតាលី ដោយសារកំពុងប្រឈមនឹងរលកកម្ដៅខ្លាំង។ កាលពីថ្ងៃទី០១ ខែកក្កដា អង្គការឧតុនិយមពិភពលោកបានសង្កត់ថា ការប្រែប្រួលអាកាសធាតុដោយសកម្មភាពមនុស្ស ជាហេតុដ៏សំខាន់បណ្តាលឲ្យរលកកម្ដៅកើតឡើងញឹកញាប់ និងកាន់តែខ្លាំងជាងមុន។

អ្នកនាំពាក្យ WMO លោកស្រី Clare Nullis បានបញ្ជាក់ថា ទោះបីខែកក្កដាជាធម្មតាជាខែដែលក្តៅបំផុតនៅអឌ្ឍគោលខាងជើងក៏ដោយ កម្ដៅខ្លាំងនាឆ្នាំនេះគឺ “គួរឱ្យព្រួយបារម្ភ” ហើយបានមានប្រសាសន៍ថា «រលកកម្ដៅគឺជាឃាតកលាក់មុខ ដែលជារឿយៗមិនបានរាប់បញ្ចូលក្នុងការផ្សាយអំពីអ្នកស្លាប់ជាផ្លូវការ។»

កម្ដៅបច្ចុប្បន្ននៅអឺរ៉ុបខាងលិចកើតឡើងដោយសារប្រព័ន្ធអាកាសធាតុដ៏ខ្លាំងមួយ ដែលរុញខ្យល់ក្តៅចេញពីទ្វីបអាហ្វ្រិកខាងជើង។ ទាំងសមុទ្រមេឌីទែរ៉ាណេ និងអគារតំបន់ទីក្រុងមានសីតុណ្ហភាពខ្ពស់ជាងធម្មតា ដែលធ្វើឲ្យបរិស្ថានកាន់តែក្តៅ និងបង្កការរឹតត្បិតលើជីវិតប្រជាជនជារឿយៗ។

ទន្ទឹមនឹងនេះ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅអឺរ៉ុប កំពុងចេញជំនួយតាមទីក្រុងធំៗ ដោយផ្តល់ទឹកស្អាត និងពិនិត្យសុខភាពជាពិសេសចំពោះជនចាស់ ជនគ្មានផ្ទះ និងអ្នកធ្វើការខាងក្រៅ។ អង្គការជំនួយទាំងនេះបាននិយាយថា«កម្ដៅមិនចាំបាច់បង្កគ្រោះថ្នាក់ដល់ជីវិតទេ ប្រសិនបើមានការត្រៀមខ្លួន និងសកម្មភាពគ្រប់គ្រាន់និងទាន់ពេល»៕

អត្ថបទទាក់ទង