
ប៉ូលិសឥណ្ឌូណេស៊ីឃាត់ខ្លួនជនសង្ស័យ១២នាក់ ករណីជួញដូរទារកទៅសិង្ហបុរី
ហ្សាការតា៖ ប៉ូលិសប្រទេសឥណ្ឌូណេស៊ីបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ ពាក់ព័ន្ធនឹងបណ្តាញជួញដូរមនុស្សមួយ ដែលមានគ្រោងនាំ ទារកចំនួន ២៤នាក់ ទៅលក់ឱ្យអ្នកទិញក្នុងប្រទេសសិង្ហបុរី។ ករណីនេះត្រូវបានបង្ហាញក្រោយពេលឪពុកម្ដាយមួយគូបានប្ដឹងប៉ូលិសអំពីការចាប់កូនរបស់ពួកគេ។
ប៉ូលិសនៅខេត្ត ជ្វាភាគខាងលិច បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យ១២នាក់ មានម្នាក់បានសារភាពថា ពួកគេបានរៀបចំគម្រោងលក់ទារកទៅសិង្ហបុរី។ ក្នុងចំណោមទារកទាំងនេះ មាន ១៥នាក់ ត្រូវបានបញ្ជូនទៅសិង្ហបុរី និង ៦នាក់ ត្រូវបានជួយសង្គ្រោះវិញ។
លោក Surawan អគ្គនាយកនៃនាយកដ្ឋានស៊ើបអង្កេតបទព្រហ្មទណ្ឌនៃប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់ថា ជនសង្ស័យបានទិញទារកភាគច្រើនពីឪពុកម្ដាយផ្ទាល់ នៅក្នុងខេត្តជ្វា ដោយផ្តល់ប្រាក់ឱ្យចន្លោះពី ៦៧៦ដុល្លារ ដល់ ៩៨៣ដុល្លារ សម្រាប់ម្នាក់។ ក្រោយទទួលបានទារក ពួកគេបាននាំទៅកាន់ទីក្រុង Pontianak នៅលើកោះ Borneo មុននឹងបញ្ជូនទៅសិង្ហបុរី។
គួរបញ្ជាក់ថា ឪពុកម្ដាយដែលបានប្ដឹងប៉ូលិសត្រូវបានគេជឿថា បានព្រមព្រៀងជាមួយក្រុមជួញដូរមនុស្សនេះមុនកូនកើត ប៉ុន្តែសម្រេចប្ដឹងប៉ូលិសវិញក្រោយពេលពួកគេមិនទទួលប្រាក់តាមការសន្យា៕
