
តំណែងជានាយករដ្ឋមន្រ្តីស្តីទី នឹងផ្ទេរទៅឱ្យលោក Phumtham Wechayachai ដោយសារតែការរុះរើគណៈរដ្ឋមន្រ្តីថ្មី ខណៈលោក Suriya Jungrungreangkit នឹងកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទីត្រឹមតែថ្ងៃពុធនេះតែប៉ុណ្ណោះ

បាងកក៖ លោក Suriya Jungrungreangkit រដ្ឋមន្រ្តីដឹកជញ្ជូនរបស់ថៃ នឹងកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទីត្រឹមតែថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកតទៅ តំណែងនេះនឹងផ្ទេរទៅឱ្យលោក Phumtham Wechayachai រដ្ឋមន្រ្តីមហាផ្ទៃថ្មី ដោយសារតែការរុះរើគណៈរដ្ឋមន្រ្តីថ្មីនឹងចូលជាធរមាន។
ការផ្លាស់ប្តូរនេះកើតឡើងក្រោយកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ តុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី Paetongtarn Shinawatra ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងការបែកធ្លាយការសន្ទនាទូរសព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្ដីពីបញ្ហាវិវាទព្រំដែន។
ក្រោយសេចក្ដីសម្រេចនោះ លោក Suriya ដែលជាឧបនាយករដ្ឋមន្រ្តីមានលេខរៀងខ្ពស់ជាងគេ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្តីទីជាបណ្ដោះអាសន្ន។ ទោះជាយ៉ាងណា ក្រោយការប្រកាសរុះរើគណៈរដ្ឋមន្រ្តីថ្មី ដែលព្រះមហាក្សត្រថៃបានអនុម័តនៅថ្ងៃអង្គារ លោក Phumtham ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃ និងនឹងទទួលបានឋានៈជាឧបនាយករដ្ឋមន្រ្តីឡើងវិញ បើកផ្លូវឱ្យលោកកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី។
គណបក្ស Pheu Thai បានបញ្ជាក់ថា លោក Phumtham នឹងជំនួសលោក Suriya ក្នុងតំណែងនាយករដ្ឋមន្រ្តីស្តីទី ទាំងក្នុងផ្នែកនីតិវិធី និងស្ថានភាពនយោបាយក្នុងគណៈរដ្ឋមន្រ្តីថ្មី។
សម្រាប់លោកស្រី Paetongtarn គឺនៅតែអាចបន្តការងារជារដ្ឋមន្រ្តីវប្បធម៌បាន ទោះបីត្រូវបានព្យួរតំណែងជានាយករដ្ឋមន្រ្តីក៏ដោយ។ តំណែងជានាយករដ្ឋមន្រ្តីស្តីទីរបស់លោក Phumtham នឹងបន្តរហូតដល់តុលាការធម្មនុញ្ញប្រកាសសេចក្ដីសម្រេចផ្លូវការ ដែលអាចបញ្ជាក់ថាតើលោកស្រី Paetongtarn ត្រូវបានផ្តល់តំណែងវិញ ឬត្រូវដកចេញ៕
