
គ្រោះទឹកជំនន់នៅរដ្ឋតិចសាស់សម្លាប់មនុស្ស៨១នាក់ ខណៈជាង៤០នាក់ត្រូវបានបាត់ខ្លួន មិនទាន់រកឃើញ
រដ្ឋតិចសាស់៖ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ មានអ្នកស្លាប់សរុបរហូតដល់ ៨១នាក់ និងបាត់ខ្លួនជាង ៤០នាក់ ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបានវាយប្រហានៅតាមតំបន់ជាច្រើនក្នុងរដ្ឋតិចសាស់។
យោងតាមសេចក្តីរាយការណ៍របស់ CBS News កន្លែងដែលរងគ្រោះខ្លាំងជាងគេគឺតំបន់ Kerr County ដែលមានអ្នកស្លាប់ចំនួន ៦៨នាក់ ដោយរួមមានមនុស្សពេញវ័យ ៤០នាក់ និងក្មេងៗ ២៨នាក់។ ទន្ទឹមនិងនោះមានក្រុមកុមារបោះជំរំមួយនៅ Camp Mystic តាមដងទន្លេ Guadalupe ត្រូវទឹកជំនន់វាយប្រហារ បណ្ដាលឲ្យមានក្មេងជាច្រើនបាត់ខ្លួន។
គួរបញ្ជាក់ថា ប្រតិបត្តិការស្រាវជ្រាវ និងសង្គ្រោះកំពុងបន្តយ៉ាងសកម្ម ដោយមានភ្នាក់ងារជាង ៨៥០នាក់ រួមបញ្ចូលជាមួយឆ្មាំសមុទ្រអាមេរិក បានចូលរួមជាមួយគ្នាក្នុងការស្រាវជ្រាវតាមរយៈឧទ្ធម្ភាគចក្រ ទូក និងដ្រូន។
ជាការឆ្លើយតបនឹងគ្រោះធម្មជាតិដ៏ធំធេងនេះ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចេញសេចក្តីប្រកាសគ្រោះមហន្តរាយសម្រាប់តំបន់ដែលរងផលប៉ះពាល់។ ខណៈដែលលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើ «សេចក្តីប្រកាសគ្រោះមហន្តរាយដ៏ធំ» សម្រាប់តំបន់ Kerr ដើម្បីបញ្ចេញជំនួយសហព័ន្ធទៅកាន់ជនរងគ្រោះ។
តាមបណ្ដាញព្យាករណ៍អាកាសធាតុ បង្ហាញថា ភ្លៀងធ្លាក់ខ្លាំងដែលជាចំហាយនៃព្យុះត្រូពិក Barry បានធ្វើឲ្យកម្រិតទឹកនៅក្នុងទន្លេ Guadalupe ឡើងខ្ពស់យ៉ាងខ្លាំង ដោយនៅតំបន់ខ្លះមានភ្លៀងធ្លាក់រហូតដល់ ៥០ សង់ទីម៉ែត្រចាប់តាំងពីថ្ងៃទី ៣ កក្កដា៕
