
កម្ពុជា ជោគជ័យក្នុងការចរចាពន្ធបដិការជាមួយអាមេរិក ដោយមិនជួបការដំឡើងពន្ធដល់ ៤៩% នោះឡើយ
ក្រចេះ ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោម ១០ ប្រទេសលើពិភពលោក ដែលទទួលបានលទ្ធផលល្អ ក្នុងការចរចាពន្ធគយបដិការជាមួយសហរដ្ឋអាមេរិក។ ជាលទ្ធផលនៃការចរចានេះ គឺកម្ពុជាមិនត្រូវបានដំឡើងអត្រាពន្ធដល់ ៤៩% នាពេលខាងមុខទេ។
ការចរចាខាងលើមានការដឹកនាំដោយលោក ស៊ុន ចាន់ថុល និងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានធ្វើឡើងរួចរាល់ពីរដងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅខែឧសភា និងខែមិថុនា បន្ថែមទៀតក៏មានសន្និសីទតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ៤ ខែកក្កដា។ តាមរយៈការចរចាទាំងនេះ ភាគីទាំងពីរបានឯកភាពរៀបចំសេចក្ដីថ្លែងការណ៍រួម ដែលនឹងត្រូវប្រកាសនៅពេលសមរម្យ បន្ទាប់ពីអាមេរិកបញ្ចប់ពិធីបុណ្យជាតិ។
ក្នុងឱកាសផ្តល់បទសម្ភាសជាមួយសារព័ត៌មាន ពេលចូលរួមក្នុងពិធីសម្ពោធចាក់បេតុងភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ចិន (មេគង្គ-ក្រចេះ) លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖
«ដោយសារតែយើងមានការចរចាដោយស្មោះទៅវិញទៅមក ទើបនៅថ្ងៃទី៩ខាងមុខនេះ អត្រាពន្ធនឹងមិនឡើងដល់ ៤៩% ទេ។ កម្ពុជាជាប្រទេសមួយក្នុងចំណោម ១៨ ប្រទេសដែលចរចាជាមួយអាមេរិក ហើយក្នុងនោះមាន ១០ ប្រទេសដែលបានសម្រេចសេចក្ដីថ្លែងការណ៍រួម។»
ទោះបីជាការដំឡើងពន្ធមិនកើតឡើងក្នុងជំហានបឋមនេះក៏ដោយ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា អត្រាពន្ធបដិកាថ្មីនឹងត្រូវប្រកាសនៅពេលក្រោយ បន្ទាប់ពីមានការអនុម័តពីប្រធានាធិបតី Donald Trump។
គួររំលឹកថា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ លោក Trump ប្រធានាធិបតីអាមេរិក បានប្រកាសដាក់ពន្ធបដិការលើសារពើភ័ណ្ឌនាំចេញពីជាង ១៨០ ប្រទេសក្នុងពិភពលោក ដែលកម្ពុជាក៏ត្រូវរួមចំណែកក្នុងនោះផងដែរ៕
