បង្ក្រាបករណីឃាតកម្មជនជាតិចិន នៅត្បូងឃ្មុំ ជនសង្ស័យ៥នាក់ត្រូវបានឃាត់ខ្លួន
ខេត្តត្បូងឃ្មុំ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្មម្នាក់ដែលជាជនជាតិចិន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងករណីនេះ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ដែលសុទ្ធជាជនជាតិចិនដូចគ្នា។
ករណីនេះកើតឡើងនៅវេលាម៉ោង ១០: ២០នាទី ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យជាជនជាតិចិន អាយុប្រហែល ៣៤ ឆ្នាំ ដែលត្រូវបានគេយកទៅកប់ក្នុងរណ្ដៅដីមួយ ស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ៍័ត្ន និងវរសេនីយ៍ឯក ហែម បូណា និង ឆាន់ គីមលី បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវតាមនីតិវិធី និងជំនាញ ដើម្បីស្វែងរកជនសង្ស័យ។
ជោគជ័យនៃការស្រាវជ្រាវនោះ បាននាំឲ្យកងកម្លាំងបានចាប់ខ្លួនជនសង្ស័យចំនួន ៥ នាក់ នៅវេលាម៉ោង ១៧: ៥០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជនសង្ស័យទាំង ៥ រួមមាន៖
១. ឈ្មោះ Le Shanzhe ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន
២. ឈ្មោះ Zhou Qing ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៣. ឈ្មោះ Fan Youping ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន
៤. ឈ្មោះ Lin Yi ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន
៥. ឈ្មោះ Yang Jiajie ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្ន កម្លាំងនគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យទាំងអស់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕