
សម្តេចតេជោ៖ ខួរក្បាល ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ.. គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខ្មែរ និងសាលារបស់កម្ពុជា

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការអស់សំណើច បន្ទាប់ពីសាកលវិទ្យាល័យក្នុងប្រទេសថៃ បានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្តេច ខណៈដែរសញ្ញាបត្រមួយនេះ សម្តេចបានបោះចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលកងទ័ពថៃចូលឈ្លានពានប្រាសាទព្រះវិហារ។ សម្តេចបានចាត់ទុកសញ្ញាបត្រមួយនេះគឺគ្មានតម្លៃនោះទេ ខួរក្បាលរបស់សម្តេច គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខ្មែរ និងសាលារបស់កម្ពុជាតែប៉ុណ្ណោះ។
តាមរយៈបណ្តាញសង្គមផ្លូវការ នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានបង្ហោះសារតបទៅកាន់សាកលវិទ្យាល័យមួយរបស់ថៃ ថា “គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំលឺថា សាកលវិទ្យាល័យថៃមួយនោះដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីខ្ញុំ!”។
សម្តេចបញ្ជាក់បន្ថែមទៀតថា “ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ”។
សម្តេចប្រធានព្រឹទ្ធសភា បានសង្កត់បញ្ជាក់បន្ថែមទៀតថា “ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា”៕
