
វាស រ៉ាន់ ជាជនជាតិដើមភាគតិច ប្រើពេល១៣ឆ្នាំ ការពសារសំបុកសត្វត្រដក់តូច និងត្រយងចង្កំកស ក្នុងកិច្ចរួមចំណែកការងារអភិរក្ស

ភ្នំពេញ៖តាំងពីយូរលង់ណាស់មកហើយ ជនជាតិដើមភាគតិច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងជាអ្នកថែរក្សាបរិស្ថាន តាមរយៈនេះហើយ អង្គការ WWF-កម្ពុជា បានបង្ហាញអំពីជនជាតិដើមភាគតិចម្នាក់ ដែលបានប្រើពេល១៣ឆ្នាំក្នុងកិច្ចអភិរក្សសំបុកសត្វ ក្នុងសហគមន៍។
បើតាម WWF-កម្ពុជា ថ្ងៃនេះ យើងសូមចូលរួមទៅនឹងលទ្ធផលទាំងនេះ តាមរយៈការចែករំលែកករណីសិក្សារបស់លោក វាស រ៉ាន់ សម្រាប់ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក។
រ៉ាន់ គឺជាជនជាតិព្នង និងជាសមាជិកសហគមន៍រស់នៅភូមិអូរកក់នៃខេត្តក្រចេះ ហើយមានក៏មានតួនាទីការពារសំបុកសត្វស្លាប តាមរយៈគម្រោង SCALE-UP II របស់អង្គការ WWF-កម្ពុជា។ អស់រយៈពេល ១៣ ឆ្នាំមកហើយដែលគាត់បានការពារសំបុកសត្វត្រដក់តូច និងត្រយងចង្កំកស ដើម្បីរួមចំណែកទៅដល់ការងារអភិរក្សនៅក្នុងសហគមន៍ ក៏ដូចជាទទួលបានកម្រៃខ្លះក្នុងការផ្គត់ផ្គង់ដល់គ្រួសារ។
រ៉ាន់ បាននិយាយថា៖ «ការអភិរក្សមិនមែនសំដៅដល់តែការការពារសត្វព្រៃឡើយ ហើយយើងក៏ជាអ្នកដែលនឹងទទួលផលទាំងនេះផងដែរ ជាក់ស្តែង នៅពេលយើងការពារធនធានធម្មជាតិបាន នោះយើងក៏បានចូលរួមកសាងអនាគតរបស់យើងកាន់តែប្រសើរ។»
នៅអង្គការ WWF-កម្ពុជា យើងជឿថា ការការពារធម្មជាតិក៏រួមចំណែកដល់ការការពារសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិចដែរ។ តាមរយៈក្របខ័ណ្ឌការពារសុវត្តិភាពផ្នែកបរិស្ថាន និងសង្គម យើងកំពុងជំរុញឱ្យមានការលើកកម្ពស់សិទ្ធិមនុស្ស តម្លាភាព គណនេយ្យភាព និងការចូលរួមជាសាធារណៈរបស់សគមន៍ ជាពិសេស សហគមន៍ខ្លះដែលកន្លងមកនូវពុំទាន់បានចូលរួមនៅក្នុងការងារអភិរក្ស៕
