
មន្ត្រីជំនាញ ចុះពិនិត្យការងារអន្តរាគមន៍ទឹកសង្រ្គោះស្រូវប្រជាកសិករប្រមាណជិត ៣០០ហិកតា ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ លោក សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រជាកសិករប្រមាណជិត ៣០០ហិកតា ស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងកិច្ចអន្តរាគមន៍ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រើប្រាស់គ្រឿងចក្រដើម្បីសម្រួលផ្លូវទឹក និងប្រើម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥សេស បូមបញ្ជូនទឹកពីស្ទឹងព្រែកត្នោត និងពីប្រឡាយមេរលាំងជ្រៃ បញ្ជូនទៅកាន់កន្លែងដែលមានតម្រូវការ។
ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រុមការងារ បាននិងកំពុងអន្តរាគមន៍សង្រ្គោះស្រូវ ដែលប្រឈមការខ្វះខាតទឹក ដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីអាចសង្គ្រោះស្រូវដែលរងការគំរាមកំហែងពីការខ្វះខាតទឹក ក្នុងកូនរដូវប្រាំងនេះ។ បន្ថែមពីការតាមដានដោយយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់ក្រសួងធនធានទឹក និងឧតុនិយម លើការវិវត្តនៃគំរូអាកាសធាតុ ដើម្បីមានវិធានការ និងត្រៀមលក្ខណៈសម្រាប់កិច្ចអន្តរាគមន៍បានទាន់ពេលវេលា។
