
លោក ហួត ហាក់ រំពឹងថាក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរណ៍អន្តរជាតិ នឹងកើនឡើងដល់ ៧លាន៥សែននាក់
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានរំពឹងថា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ កំណើនភ្ញៀវទេសចរណ៍អន្តរជាតិ នឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់៧លាន៥សែននាក់ ខណៈឆ្នាំ២០២៤កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៦លាន៧សែននាក់។
ការលើកឡើងបែបនេះ របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួទេសចរណ៍បានធ្វើឡើងក្នុងឱកាស ដែលលោកដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនសរុបចំនួនជាង ១០០នាក់ អញ្ជើញចុះទស្សនា និងពិនិត្យវឌ្ឍនភាព ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។
លោក ហួត ហាក់ បានមានប្រសាសន៍ថា កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ មានការកើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ ពោលឈានដល់៦លាន៧សែននាក់ ខណៈដែលនៅឆ្នាំ២០២៥នេះ រំពឹងថា នឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់៧លាន៥សែននាក់។
សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្ន សម្រេចការសាងសង់ប្រមាណ ៩៥% នឹងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាខែកក្កដាខាងមុខនេះ។ អាកាសយានដ្ឋាននេះ ជាសមិទ្ធផលដ៏អស្ចារ្យ ពិតជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជាតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាតម្លៃបន្ថែមខ្ពស់ សម្រាប់វិស័យទេសចរណ៍កម្ពុជា។
អាកាសយានដ្ឋានថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕

