ប្តីប្រពន្ធចំនួន២នាក់ ស្លាប់ដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរ
ភ្នំពេញ៖ គ្រួសារ២នាក់ប្តីប្រពន្ធ ត្រូវបានគេប្រទះឃើញស្លាប់រួមគ្នា នៅក្រោមដើមសំរ៉ង ក្រោយពេលដែលពួកគាត់ បានកាប់ដើម្បីប្រមូលយកផ្លែទៅលក់ នៅក្នុងតំបន់ព្រៃក្នុងភូមិសាស្រ្តស្រុកបូទុមសាគរខេត្តកោះកុង។
លោកវរៈសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទូមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ក្រោយពីបាត់ដំណឹងជាច្រើនថ្ងៃ សាច់ញាត់មិនទទួលបានដំណឹងអ្វីនោះ ពីគ្រួសារប្តីប្រពន្ធទាំង២នាក់។ ស្រាប់តែនៅវេលាយប់ម៉ោង ៧:៥២នាទី ថ្ងៃ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សមត្ថកិច្ច បានរកឃើញសាកសពប្តីប្រពន្ធទាំង២នាក់ ត្រូវដើមសំរ៉ងរលំសង្កត់ពីលើ នៅកន្លែងដែលពួកគាត់បានកាប់ដើមសំរ៉ងដើម្បីប្រមូលផលផ្លែវា នៅត្រង់ចំណុចភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ច បានប្រគល់សាកសពទាំងពីរនាក់ប្រពន្ធ ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីសាសនា។
របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា នៅឆ្នាំ២០២៥នេះ មានករណីកាប់ដើមសំរ៉ងហើយបណ្តាលឱ្យបាក់សង្កត់លើមនុស្សស្លាប់ចំនួន៣ករណី ស្លាប់មនុស្ស៤នាក់ នៅក្នុងខេត្តកោះកុង។
ចំពោះករណីនេះដែរ ក្រសួងបរិស្ថានសូមសំដែងការសោកស្តាយជាខ្លាំង ក្រោយទទួលដំណឹងមរណភាពរបស់ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ដែលទទួលមរណភាពដោសារ ឧបទ្ទវហេតុដើមឈើរលំសង្កត់នៅក្នុងព្រៃ និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះខាងលើ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមក្រើនរំលឹកបន្ថែមទៀតចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និងតម្លៃសេដ្ឋកិច្ចមូលដ្ឋាន ដ៏សំខាន់សម្រាប់កូនចៅតទៅអនគត។
ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន សំណូមពរដល់សមត្ថកិច្ច ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ប្រជាសហគមន៍មូលដ្ឋានទាំងអស់ បន្តចូលរួមសហការឱ្យកាន់តែប្រសើរថែមទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសចាត់វិធានការការពារ និងទប់ស្កាត់ការកាប់ដើមសំរ៉ង ឬមែកសំរ៉ង។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅអំឡុងខែមីនា និងខែមេសា ជារដូវប្រមូលផ្លែសំរ៉ង។ ជាមួយគ្នានេះ ក៏មានករណីជនខិលខូចមួយចំនួនតូច បានចូលប្រមូលផ្លែសំរ៉ង ដោយធ្វើការកាប់រំលំដើម ឬកាប់មែក ដែលបង្កឱ្យបាត់បង់ធ្ងន់ធ្ងរ ដល់ពូជរុក្ខជាតិ ប្រភេទជីវៈចម្រុះ ពិសេសតម្លៃនៃការអភិរក្ស និងការរស់នៅប្រដោយចីរភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន៕