ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងប្រារព្ធខួប ៥០ ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ ក្នុងគោលបំណងអនុវត្តកិច្ចរំលឹក និងចងចាំជាប្រវត្តិសាស្ត្រ
ភ្នំពេញ៖ នៅក្នុងខែឧសភា ឆ្នាំ ២០២៥ ដែលជាពេលកម្ពុជាប្រារព្ធទិវាជាតិ “២០ ឧសភា” ដើម្បីរំលឹកដល់ជនរងគ្រោះជាង ៣ លាននាក់ក្នុងរបបខ្មែរក្រហម ស្ថានទូតបារាំងប្រចាំកម្ពុជា ក៏នឹងប្រារព្ធខួប ៥០ ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញដោយកម្លាំងខ្មែរក្រហម កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលជាដំណើរមួយនាំឲ្យប្រទេសកម្ពុជាវិលចូលទៅក្នុងសម័យខ្មៅងងឹតបំផុតមួយនៃប្រវត្តិសាស្ត្រ។
ស្ថានទូតបារាំងបានប្រកាសថា ព្រឹត្តិការណ៍ប្រារព្ធនេះនឹងចាប់ផ្តើមពីថ្ងៃទី ៦ ខែឧសភា រហូតដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥ តាមរយៈកម្មវិធីជាច្រើន រួមមាន៖ ពិព័រណ៍, ពិធីឧទ្ទិសកុសល, ការចាក់បញ្ចាំងភាពយន្ត, និងវេទិកាពិភាក្សាជាមួយសាធារណជន។
ពិព័រណ៍និងពិធីបើកនៅថ្ងៃទី ៦ ខែឧសភា វេលាម៉ោង ១៨:៣០ នាទី វិទ្យាស្ថានបារាំងនឹងធ្វើបើកពិព័រណ៍មួយឈ្មោះ «ប្រឈមមុខនឹងខ្មែរក្រហម – ស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (១៧ មេសា – ០៨ ឧសភា ១៩៧៥)»។ ពិព័រណ៍នេះរៀបចំដោយអ្នកស្រាវជ្រាវបារាំងពីររូប ហើយនឹងបង្ហាញឯកសារសំខាន់ៗ មិនធ្លាប់បានបង្ហាញសាធារណៈពីមុន រួមទាំងបណ្ណាសាររបស់ក្រសួងការបរទេសបារាំង រូបភាព និងវីដេអូពីសម័យនោះ។
នៅថ្ងៃទី ៧ ខែឧសភា វេលាម៉ោង ១៨:៣០ នាទី វេទិកាពិភាក្សាជាមួយអ្នកសារព័ត៌មាន Roland Neveu និងអ្នកនិពន្ធ François Bizot នឹងត្រូវប្រព្រឹត្តនៅវិទ្យាស្ថានបារាំង។ ការពិភាក្សានេះនឹងធ្វើជាភាសាបារាំង មានបកប្រែជាភាសាខ្មែរ។
ចាប់ពីថ្ងៃទី ១០ ខែឧសភា វិទ្យាស្ថានបារាំងនឹងចាក់បញ្ចាំងភាពយន្ត និងភាពយន្តឯកសារជាចំនួន ១២ រឿង ដែលរៀបរាប់ពីរបបខ្មែរក្រហម។ ក្នុងនោះ មានស្នាដៃរបស់បុគ្គលដូចជា ប៉ាន់ រិទ្ធី, ដាវី ជូ, Denis Do, Angelina Jolie, Arthur Dong និង ឆាយ បូរ៉ា។
នៅថ្ងៃទី ៨ ខែឧសភា ពិធីឧទ្ទិសនឹងប្រព្រឹត្តឡើងក្នុងស្ថានទូត ដោយមានការចូលរួមពីសាក្សីរស់រាន, តំណាងសង្គមស៊ីវិល, អាជ្ញាធរកម្ពុជា និងគណៈអង្គទូត។ ពិធីនេះត្រូវបានរៀបចំដើម្បីជាអនុស្សាវរីយ៍ដល់ជនរងគ្រោះ និងអ្នកដែលបានមកស្វែងរកការជ្រកកោននៅស្ថានទូតបារាំងកាលពីឆ្នាំ ១៩៧៥។
ទិវាជាតិនៃការចងចាំ ២០ ឧសភា៖
ព្រឹត្តិការណ៍នេះកើតឡើងស្របពេលកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់ជនរងគ្រោះជាង ៣ លាននាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃនេះ ក៏ជាថ្ងៃដាស់តឿនដល់ប្រជាពលរដ្ឋកម្ពុជា អំពីតម្លៃនៃសន្តិភាព សិទ្ធិមនុស្ស និងសេរីភាព។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានផ្ញើសារដាស់តឿនឲ្យថែរក្សាសន្តិភាព ដោយមានចំណងជើងថា “សូមចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត”៕